ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត​កំពង់ចាម ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​បង្រៀន​សិស្ស​តាម​គ្លីនិក​ឯកជន


: 2018-06-02 16:04:33

ខេត្តកំពង់ចាម៖ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម កាល​ពី​ថ្ងៃ​ទី ៣០ ខែឧសភា ឆ្នាំ​២០១៨​នេះ ឯកឧត្តម គួ​ច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត​កំពង់ចាម​បាន​លើក​ឡើង​ថា បញ្ហា​ឱ​ថស​ក្លែង​កា្ល​យ​ត្រូវ​បង្កើន​ការ​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព ពិសេស គឺ​ក្រុម​ពេទ្យ​ដែល បាន​ដើរ​ចាក់​ថ្នាំ​គ្មាន​ច្បាប់ ដោយ​មាន​រហូត​ដល់​ជាង​៥០០​នាក់ ត្រូវ​តែ​មាន​វិធានការ​ទប់ស្កាត់ ហើយ​បើ​គ្លីនិក​ឯកជន​ណា បើក​បង្រៀន​ផ្នែក​ពេទ្យ​ត្រូវ​តែ​បញ្ឈប់​ជា​បន្ទាន់ ដោយ​នេះ​ជា​អំពើ​ល្មើសច្បាប់ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ ។

ឯកឧត្តមអភិបាលខេត្ត​បន្ត​ថា ជំនាញ​ផ្នែក​សុខាភិបាល​នេះ​មិនមែន​ចេះ​តែ​បង្រៀន​បន្ត​ៗ​គ្នា​នៅ​តាម​គ្លីនិក រួច​ទៅ​បើក​ទីតាំង​មួយ​ផ្សេង​ទៀត​នោះ​ទេ គឺ​ត្រូវ​មានការ​បណ្តុះបណ្តាល​ត្រឹមត្រូវ​ច្បាស់​លាស់​​ចេញពី​សាលា​ដែល​មានការ​អនុញ្ញាតិ​ពី​ក្រសួងសុខាភិបាល ។

ឯកឧត្តម ​គួ​ច ចំរើន បាន​ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ផ្នែក​សុខាភិបាល​ទាំងអស់​ត្រូវ​យកចិត្ត​អ្នកជំងឺ​មក ដាក់​ក្នុង​ខ្លូ​ន ចំណែក​អ្នកជំងឺ​ក៏​ត្រូវ​យកចិត្ត​គ្រូពេទ្យ​មក​ដាក់ខ្លួន​ផង​ដែរ ព្រោះ​រាល់ពេល​អ្នក​ជំងឺ មក​ជួប​គ្រូពេទ្យ ពិតជា​ចង់បាន​ចម្លើយ​នៃ​ការពិគ្រោះ​យោបល់​រវាង​អ្នកជំងឺ និង​គ្រូពេទ្យប្រ​សិន បើ​អ្នកជំងឺ​ទទួល​បានការ​ពិគ្រោះ​យោបល់​រួច​ហើយ សូម​ឲ្យ​អ្នកជំងឺ​ផ្តល់​ទំនុកចិត្ត​ចំពោះ​ក្រុម គ្រូពេទ្យ​យើង​វិញ ។

ឯកឧត្តមអភិបាលខេត្ត បាន​បន្ត​ថា បច្ចុប្បន្ន​អាជ្ញាធរ​កំពុង​ខិតខំ​ជំរុញ​ដោយ​ត្រូវ​រួម​សហការ​ជាមួយ​មូលនិធិ​សមធម៌ គាំពារ​សង្គម ហើយ​អាច​ជា​សមាជិកបេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) ត្រូវ​ផ្តល់​ដល់ សមាជិក​ភូមិ មេ​ភូមិ និង​មន្ត្រី​ជាប់កិច្ចសន្យា​ទាំងអស់ ក្នុង​ខេត្ដ​ដែល​គ្រប់គ្រង​ដោយ​គណៈ បញ្ជាការ​ឯកភាព​ចែក​ជូន​សម្រាប់​ប្រើប្រាស់​សេវា ប​.​ស​.​ស ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង បន្ថែម​ទៀត ។

ឯកឧត្តមអភិបាលខេត្ត សំណូមពរ​ឲ្យ​មន្ត្រី​សុខាភិបាល​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​បម្រើ សេវា​សាធារណៈ​ឱ្យ​បាន​កាន់តែ​ល្អ​ថែម​ទៀត និង​ចូលរួម​គោរ​ច្បាប់​ចរាចរណ៍ និង​បញ្ហា​គ្រឿង ញៀន​ដោយ​វា​ជាស​ត្រូវ​ធំ​បំផុត​របស់​យើង​គ្រប់​គ្នា គឺ​ត្រូវ​បម្រើសេវា​ជូន​អ្នក​ចង់​ផ្តាច់​គ្រឿងញៀន និង​ត្រូវ​ផ្តល់​ថ្នាំ​ដោយ​មិន​យ​កម្រៃ​ឡើយ ៕

 


អត្ថបទ ៖ Administrator

សារលិខិតរបស់អភិបាល
កាលវិភាគថ្នាក់ដឹកនាំ
ប្រព័ន្ធគ្រប់គ្រងទិន្នន័យរដ្ឋបាល
សំលេងប្រជាពលរដ្ឋ