ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រជាពលរដ្ឋ ៣ភូមិ ស្មើនឹង ១.៤០១គ្រួសារ ក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម


: 2018-06-02 16:31:58

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃព្រហស្បត្តិ ២រោច ខែជេស្ន ឆ្នាំរកា សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត​កំពង់ចាម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លី ក្បាលដីចំនួន ២.៨៤៣ក្បាលដី ជូនប្រជាពលរដ្ឋចំនួន១.៤០១គ្រួសារ នៅឃុំហាន់ជ័យ ស្រុកកំពង់​សៀម ។

នាឱកាសនេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម មាន​ប្រសាសន៍ថ្លែងការកោតសរសើរ ចំពោះក្រុមការងារចុះបញ្ជីដីធ្លី និងអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំសម្រេចកិច្ចការនេះ ដោយការទទួលខុសត្រូវ និងតម្លាភាព។ ឯកឧត្ដមអភិបាល​ខេត្ត បានគូសបញ្ជាក់ថា ក្បាលដីដែលបងប្អូន បានចុះបញ្ជី នៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និងទទួលបានប័ណ្ណកម្មសិទ្ធិនេះ គឺបានបំពេញលក្ខណ្ឌគ្រឹះដ៏រឹងមាំ ដែលធានាដោយរដ្ឋ និង​ការពារដោយច្បាប់ ហើយក៏ជាលក្ខណ្ឌសំខាន់ សម្រាប់ការប្រើប្រាស់បណ្ណដី ដោយការដាក់​ធានា ខ្ចីប្រាក់នៅធនាគារ ដើម្បីយកដើមទុនមកប្រើប្រាស់ សម្រាប់អាជីវកម្មផ្សេងៗ ក្នុងការ​កែ​លម្អជីវភាពរស់នៅ។ ដូច្នេះការចុះបញ្ជី គឺជាការពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ដែល​នឹងជម្រុញការប្រើប្រាស់ដីធ្លីឲ្យអស់សក្ដានុពល ហើយកត្តានេះ ពិតជាបានបញ្ចប់​ជម្លោះ និងវិវាទដីធ្លី ជាពិសេស ការកាត់បន្ថយភាពក្រីក្រ ដែលជាគោលនយោបាយ​ជម្រុញ​ការ​ចុះបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាល ។ ឯកឧត្ដមបញ្ជាក់ថា ប័ណ្ណកម្មសិទ្ធិ ដែលបងប្អូន​ទទួល​បាននៅថ្ងៃនេះ គឺជាឯសារមួយសំខាន់ណាស់ ជាឯកសារតំណាងឲ្យទ្រព្យរបស់បងប្អូន ជា​ឯកសារតំណាងឲ្យសិទ្ធិ នៃកម្មសិទ្ធផ្ដាច់មុខ របស់កម្មសិទ្ធិករ លើដីធ្លីរបស់ខ្លួន ក្នុងការ​ប្រើ​ប្រាស់ និងអាស្រ័យផល ក្នុងការលក់ដូរ ការផ្ទេរទៅអ្នកដទៃ ការដាក់ធានាខ្ចីប្រាក់ ការផ្ទេរ​ទៅ​ឲ្យកូនចៅ។ អាស្រ័យហេតុនេះ សូមបងប្អូនរក្សាប័ណ្ណនេះ ឲ្យបានល្អប្រសើរ ជៀសវាង​ការ​ធ្លាក់​ទៅដល់ដៃរបស់ជនទុច្ចរឹត ហើយយកទៅប្រើប្រាស់ក្នុងអំពើអាក្រក់ និងអំពើ​ផ្សេងៗ​ទៀត នាំឲ្យមានការលំបាក ដល់បងប្អូន ដែលជាម្ចាស់កម្មសិទ្ធិផ្ទាល់ ។

មួយគ្នានោះដែរ ឯកឧត្ដម គួច ចំរើន ក៏បានលើកឡើង អំពីការដាក់ចេញនូវ​ចលនា​ប្រលងប្រណាំងឃុំ-សង្កាត់បំរើសេវាល្អ តាមរយៈការចាត់តាំងក្រុមការងារ មានមេឃុំ ចៅ​សង្កាត់ ស្មៀន និងនគរបាលប៉ុស្តិ៍ ទៅបំរើសេវាសាធារណៈ លើការងារអត្រានុកូលដ្ឋាន និង​ការងារអត្តសញ្ញាណកម្ម ដោយមិនបង់លុយនៅក្នុងមូលដ្ឋាន។ តាមរយៈកិច្ចការនេះ សូម​ឲ្យ​ប្រជាពលរដ្ឋយើង ជួយតាមដាននិងពិនិត្យមើល ថាតើក្រុមការងារនេះ បានអនុវត្ត​ភារកិច្ច​នេះ បានត្រឹមត្រូវ និងមានតម្លាភាពដែរឬទេ? ក្រៅពីនោះ ក៏ស្នើទៅដល់​ប្រជាពលរដ្ឋ​ទាំង​អស់ ខិតខំគោរពច្បាប់ចរាចរ និងការធ្វើដំណើរដោយប្រុងប្រយ័ត្ន ដើម្បីភាពសុខសាន្ត ទាំង​អស់គ្នា។ ដោយឡែកកន្លងមក ក៏មានការចូលរួម ខំមិន នៅក្នុង Page របស់ឯកឧត្ដម ដោយ​លើកឡើងនូវមតិយោបល់ផ្សេងៗ លើករណីថា មានសារធាតុញៀន ការប្រើប្រាស់​គ្រឿងញៀន នៅតាមក្នុងមូលដ្ឋានមួយចំនួន ឯកឧត្ដមអភិបាលខេត្ត ក៏បានអំពាវនាវ​សូម​ឲ្យ​ទទួលថ្នាំព្យាបាលគ្រឿងញៀន នៅតាមមូលដ្ឋានសុខាភិបាល ក្នុងខេត្តកំពង់ចាម ប្រសិន​បើ​បង​ប្អូន មានកូនចៅញៀនថ្នាំនោះ ៕


អត្ថបទ ៖ Administrator

សារលិខិតរបស់អភិបាល
កាលវិភាគថ្នាក់ដឹកនាំ
ប្រព័ន្ធគ្រប់គ្រងទិន្នន័យរដ្ឋបាល
សំលេងប្រជាពលរដ្ឋ