អភិបាលខេត្ត កំពង់ចាម ចាត់វិធានការ ចំពោះ អ្នកបើកបររថយន្តធុនធំ ដែលមានសារធាតុញៀន ទៅតាមផ្លូវច្បាប់ ក្រោយពីបានអប់រំ ណែនាំ ០៥លើក រួចមកនោះ


: 2018-07-12 17:17:50

ឯកឧត្ដម បញ្ជាក់ថា កន្លងមក យើងតែងបានធ្វើការអប់រំ ណែនាំផ្សព្វផ្សាយ ជាសាធារណៈ ចំពោះ អ្នកបើកបររថយន្តដឹកទំនិញធុនធំ ចំនួន ០៥លើក រួចមកហើយ ​។ ដូច្នេះ ចាប់ពីពេលនេះទៅ យើងមិនមានការអប់រំ និងបន្តសកម្មភាព ចាប់លែង ចាប់លែង តទៅទៀតបានទេ ។ ម្យ៉ាង ក៏ជាពេលវេលាសមគួរ សម្រាប់អ្នកអនុវត្តច្បាប់ ជាអ្នកចាត់ចែងហើយ ។ ទន្ទឹមនឹងនោះដែរ ម្ចាស់រថយន្តទាំងឡាយ ក៏ត្រូវមានការទទួលខុសត្រួវ ដោយខ្លួនឯងផងដែរ ជាពិសេស ក្រោយពីការឃាត់ខ្លួនអ្នកបើកបរហើយ រាល់មធ្យោបាយទាំងឡាយ ក៏ត្រូវឃាត់ និងរក្សាទុកបណ្ដោះអាសន្ន ដើម្បី ឲ្យជំនាញធ្វើការចាត់ចែង ទៅតាមនីតិវិធី  ពីព្រោះថា បញ្ហាទាំងអស់នេះ គឺជាភាពទំនួលខុសត្រូវ មានលក្ខណៈជាប្រព័ន្ធ ដើម្បី រួមចំណែក ក្នុងការជួយទប់ស្កាត់បញ្ហាគ្រឿងញៀន ជាពិសេស ការរួមចំណែក ក្នុងការកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរ ដែលបណ្ដាលមកពីអ្នកបង្កហេតុ មានផ្ទុកសារធាតុញៀននោះ ។ មួយផ្នែកទៀត ម្ចាស់មធ្យោបាយទាំងអស់ ក៏ត្រូវពិចារណាជាមុនផងដែរ មុននឹងជួលអ្នកបើកមក ត្រូវពិនិត្យឲ្យបានត្រឹមត្រូវ ថាតើអ្នកនោះ មានផ្ទុកសារធាតុញៀនដែរ ឬទេ? ពោលគឺ មិនត្រូវគិតអំពីផលប្រយោជន៍ និងផលចំណេញរបស់ខ្លួនឡើយ តែត្រូវគិតគូ អំពីអាយុជីវិត របស់អ្នកប្រើប្រាស់ផ្លូវសាធារណៈជាធំវិញ ទើបជាការប្រសើរ ។ ដូច្នេះ បញ្ហាចំពោះមុខ សូមទាំងអស់គ្នា ត្រូវចូលរួមចំណែក ដើម្បី ថែរក្សាសុខ សុវត្ថិភាព និងអាយុជីវិត ដល់ប្រជាពលរដ្ឋយើង ទាំងអស់គ្នា ។

នាឱកាសនោះដែរ ឯកឧត្ដម ក៏បានផ្ដល់នូវសារ ទៅដល់អ្នកបើកបររថយន្តធុនតូចថា ពេលនេះយើងធ្វើការឃាត់ចាប់តែរថយន្តធុនធំ ប៉ុន្តែ នៅថ្ងៃខាងមុខ យើងនឹងឈានទៅ អនុវត្តវិធានការច្បាប់ ទៅលើរថយន្តធុនតូច ជាបន្តទៀត ពីព្រោះថា បច្ចុប្បន្ន ប្រទេសជាតិ ស្ថិតនៅក្នុងសន្តិភាព តែបញ្ហាគ្រោះថ្នាក់ចរាចរ នៅតែបង្កគ្រោះភ័យ និងគ្រោះថ្នាក់ ដល់អាយុជីវិត របស់ប្រជាពលរដ្ឋយើង ស្ទើតែរៀងរាល់ថ្ងៃ ។ យ៉ាងណាម៉ិញ មកដល់ពេលនេះ ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ចាម ប្រមាណជាង ៩០នាក់ ហើយ បានរងគ្រោះបាត់បង់ជីវិត និងជាច្រើននាក់ទៀត បានរងរបួស ពិការដៃជើង ដោយសារ តែគ្រោះថ្នាក់ចរាចរនោះ ។

លោកឧត្ដមសេនីយ៍ត្រី អ៊ិត ដារ៉ា ស្នងការរងទទួលផែនការងារបទល្មើស គូសបញ្ជាក់ថា តាមលទ្ធផល នៃយុទ្ធនាការ ត្រួតពិនិត្យឆែកឆេរ និងធ្វើតេស្តទឹកម៉ូតស្វែងរកសារធាតុញៀន លើអ្នកបើកបររថយន្តដឹកទំនិញធុនធំ ព្រូឡាន កម្មករ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម យើងបានធ្វើការពិនិត្យលើរថយន្ត ចំនួន ៧៦គ្រឿង ធ្វើតេស្តលើអ្នកពាក់ព័ន្ធចំនួន ២០៣នាក់ ក្នុងនោះអ្នកបើកបរ ១០៦នាក់ មានជាប់សារធាតុញៀន ០៩នាក់ ព្រូរថយន្ត ៩៦នាក់ មានជាសារធាតុញៀន  ០៨នាក់ និងកម្មករ ម្នាក់ មានជាសារធាតុញៀន ។ ក្រៅពីនោះ សមត្ថកិច្ច ក៏បានឃាត់រថយន្តធុនធំ រក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ចំនួន ០៩គ្រឿង ផងដែរ ។

សូមបញ្ជាក់ដែរថា មន្ទីរពេទ្យខេត្តកំពង់ចាម ក៏បានផ្ដល់នូវថ្នាំផ្ដាច់គ្រឿងញៀន ទៅដល់អ្នកបើកបរ ដែលសមត្ថកិច្ចជំនាញឃាត់ ចាប់ យកទៅទទួលទាន ដើម្បី ផ្ដាច់សាធាតុញៀនពីក្នុងខ្លួន ផងដែរ ៕ សារ៉ាត


អត្ថបទ ៖ Administrator

សារលិខិតរបស់អភិបាល
កាលវិភាគថ្នាក់ដឹកនាំ
ប្រព័ន្ធគ្រប់គ្រងទិន្នន័យរដ្ឋបាល
សំលេងប្រជាពលរដ្ឋ