អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសំណេះសំណាល សាកសួរសុខទុក្ខ និងផ្ដល់ជាសម្ភារៈសិក្សា ដល់កុមារកំព្រា នៅសាលាបឋមសិក្សា ហ៊ុន ណេង បឹងស្នាយ


: 2018-10-15 20:13:10

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីរាជការ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល សាកសួរសុខទុក្ខ និងសម្ភារៈសិក្សា ជូនដល់កុមារកំព្រា ចំនួន ៣០០នាក់ ដែលបានរៀបចំដោយអង្គការស្ពាន កម្ពុជា ហូឡង់ នៅក្នុងបរិវេណសាលាបឋមសិក្សា ហ៊ុន ណេង បឹងស្នាយ ស្ថិតនៅក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។ 
តាមរបាយការណ៍ របស់អង្គការស្ពានកម្ពុជា ហូឡង់ បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩២ ដល់បច្ចុប្បន្ន អង្គការ បានជួយគម្រោងជាច្រើន ដល់ខេត្តកំពង់ចាម ដែលក្នុងនោះមានអ្នកក្រីក្រ អ្នកជម្ងឺអេដស៍ កុមារកំព្រា និងផ្ដល់ជាសម្ភារៈមួយចំនួន ផងដែរ ។ ក្រៅពីនោះ ក៏បានជួយជួសជុលអគារសិក្សា សាងសង់ប្រព័ន្ធធារាសាស្ត្រ ស្ពាន និងលូ ផ្លូវលំ ជាដើម ។ ដោយឡែក ចាប់តាំងពីឆ្នាំ២០០០មក អង្គការ បានបង្កើតកម្មវិធីថែទាំកុមារកំព្រាតាមផ្ទះ តាមគ្រួសារសាច់ញ្ញាតិ ដែលឪពុក និងម្ដាយ បានស្លាប់ដោយសារជម្ងឺអេដស៍ ដែលក្នុងនោះ ត្រូវស្វែងរកអាណាព្យាបាល តាមរយៈ អ្នកស្ម័គ្រចិត្ត នៅក្នុងឃុំនីមួយៗ នៃស្រុកគោលដៅ ចំនួន ៦ របស់ខេត្តកំពង់ចាម ដើម្បី ជួយចិញ្ចឹមថែរក្សាកុមារចាប់ពីអាយុ ១ថ្ងៃ ដល់ ១៨ឆ្នាំ ហើយអង្គការ ក៏បានជួយផ្គត់ផ្គង់ស្បៀងអាហារ និងសម្ភារៈសិក្សា ដល់ពួកគេទៀតផង ។ 
លោក ភីត ម៉ាស់ នាយកអង្គការហ្វារើស និងជានាយកក្រុមហ៊ុន អាល់ហ្វា នៃប្រទេសហូឡង់ ដែលជាម្ចាស់ជំនួយ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តមអភិបាលខេត្តកំពង់ចាម ដែលបានគាំទ្រ និងសហការយ៉ាងសកម្ម លើសកម្មភាពមនុស្សធម៌ នេះ ។ លោក ម៉ាស់ ក៏បានថ្លែងអំណរគុណ ផងដែរ ដល់អ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានជួយចិញ្ចឹមថែរក្សាកុមារ រហូតមកដល់ពេលនេះ ។ ដូច្នេះ សង្ឃឹមថា ក្មួយៗនៅទីនេះ នឹងធ្វើអ្វីដែលល្អៗ តាមរយៈ ការព្យាយាម និងការខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បី ក្លាយខ្លួនជាទៅធនធានមនុស្ស ដ៏ប្រសើរ សម្រាប់ជួយខ្លួនឯង និងអនាគតប្រទេសជាតិ ។
 ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណ ចំពោះសប្បុរជនក្នុងនិងក្រៅប្រទេស ដែលបានចំណាយទាំងថវិកា និងសម្ភារៈ ដើម្បី ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងមានជីវភាពខ្វះខាត ជាពិសេស កុមាររងគ្រោះ កុមារក្រីក្រ និងកុមារកំព្រាឪពុក ម្ដាយ ហើយត្រូវបានអង្គការស្ពានកម្ពុជា ហូឡង់ យកមកថែរក្សា  ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ សាសនា និងនិន្នាការនយោបាយ ឡើយ ។ ដូច្នេះ ក្នុងនាមជាអាជ្ញាធរ និងក្នុងនាម ឯកឧត្តមផ្ទាល់ ពិតជាពេញចិត្ត ចំពោះ សកម្មភាពមនុស្សធម៌នេះ និងគាំទ្រ ចំពោះ អង្គការ ដែលតែងតែជួយទំនុកបម្រុង ឧបត្តម្ភទាំងសម្ភារៈ និងចំណេះដឹង ដល់កុមារទូទៅ ក្នុងការកាត់បន្ថយភាពក្រីក្រ ឆ្លើយតបទៅនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ ។ 
ស្ថិតក្នុងឱកាសនោះដែរ  ឯកឧត្ដមអភិបាលខេត្ត ក៏បានលើកសំណូមពរទៅដល់ លោក ភីត ម៉ាស និងអង្គការស្ពានកម្ពុជា ហូឡង់ ថា ប្រសិនបើគម្រោងនៅតែបន្តការគាំទ្រ ដល់កុមារទាំងអស់ គឺសូមឲ្យបញ្ចូលនូវកម្មវិធីសិក្សាអង់គ្លេស សម្រាប់ក្មួយៗ ដើម្បី ឲ្យពួកគេទទួលបានចំណេះដឹង ជាផ្នែកភាសាថ្មីមួយបន្ថែមទៀត ដែលជាច្រកទ្វារ និងអត្ថប្រយោជន៍យ៉ាងសំខាន់ សម្រាប់អនាគតពួកគេ ផងដែរ ។ លើសពីនេះទៅទៀតនោះ ប្រសិនបើគម្រោងអាចធ្វើបាន គឺវាបានផ្ដល់ឱកាសល្អប្រសើរឡើងថែមទៀត សម្រាប់សកម្មភាព របស់អង្គការ  កាន់តែជោគជ័យ នៅក្នុងបេសសកម្មមនុស្សធម៌  ជួយទៅដល់កុមារក្រីក្រ កុមារកំព្រា និងកុមាររងគ្រោះ ដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់ និងរក្សាបាននិរន្តរ៍ភាព តទៅអនាគត ផងដែរ ។ ក្រៅពីនោះ  ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់រៀនសូត្រ ដើម្បី  ក្លាយទៅជាសសរទ្រូង នៃប្រទេសជាតិ នាពេលអនាគត ។
នាឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត រួមជាមួយនឹងអង្គការស្ពានកម្ពុជាហូឡង់ បានផ្តល់សម្ភារៈសិក្សា ដល់កុមារកំព្រា ចំនួន ៣០០នាក់  ក្នុងម្នាក់ៗទទួលបាន ៖ ប៊ិច ២ដើម ខ្មៅដៃ សៀវភៅ ១០ក្បាល រួមនឹងថវិកា ១ម៉ឺនរៀល ។ ក្រៅពីនោះ សិស្សានុសិស្សចំនួន ១០នាក់ ដែលមានទីលំនៅនៅឆ្ងាយពីសាលារៀន ទទួលបានកង់បន្ថែម ម្នាក់ ១គ្រឿង ផងដែរ ។ ដោយឡែក លោកគ្រូ អ្នកគ្រូ ១១នាក់  ម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល ផងដែរ ៕ សារ៉ាត


អត្ថបទ ៖ Administrator

សារលិខិតរបស់អភិបាល
កាលវិភាគថ្នាក់ដឹកនាំ
ប្រព័ន្ធគ្រប់គ្រងទិន្នន័យរដ្ឋបាល
សំលេងប្រជាពលរដ្ឋ