ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានជំរុញដល់លោកគ្រូអ្នកគ្រូ ចូលរួមផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកនិងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ដល់សិស្សានុសិស្ស ឱ្យបានជាប្រចាំ និងជាអចិន្ត្រៃយ៍រៀងរាល់ថ្ងៃចន្ទ ពេលគោរពទង់ជាតិ។


: 2018-04-30 19:05:25

ខេត្តកំពង់ចាមៈ នារសៀលថ្ងៃចន្ទ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​បានអញ្ជើញចូលរួមជា​អធិបតី​ក្នុងកម្មវិធីប្រកាសចូលកាន់តំណែង ជាអនុប្រធានមន្ទីរ និងប្រធានការិយាល័យនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត​កំពង់ចាម។

ស្ថិតក្នុងបរិយាកាសនេះ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់​ថា​ចំពោះការតែងតាំង​មន្ត្រីដើម្បី​ពេញមុខតំណែងនាថ្ងៃនេះ គឺបានឆ្លងកាត់នូវប្រជុំពិភាក្សាយ៉ាង​ត្រឹមត្រូវពីក្រុមប្រឹក្សាវិន័យ ដោយបាន​បោះ​ឆ្នោត ដាក់ពិន្ទុវាយតម្លៃយ៉ាងល្អិតល្អន់​និងគោរពតាមរូបមន្តនៃគោលការណ៍ប្រជាធិបតេយ្យគឺយក​មតិភាគច្រើន តែត្រូវស្តាប់មតិភាគតិច។ ជាមួយគ្នានេះដែរ ឯកឧត្តម​អភិបាល​ បានឱ្យលោកប្រធាន​មន្ទីរអប់រំ ពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ នូវរបាយការណ៍ស្តីពីចំនួន គ្រូបង្រៀន និងចំនួនសិស្សគ្រប់កម្រិត អោយបានល្អិតល្អន់ ដើម្បីងាយស្រួលក្នុងការរៀបចំចំនួនគ្រូ​បង្រៀន និងចំនួនសិស្សអោយសមាមាត្រ​នឹងគ្នាសម្រាប់ឆ្នាំសិក្សា​ថ្មីខាង​មុខ។

លើសពីនេះទៀត ឯកឧត្តបានជំរុញឱ្យមន្ត្រីរាជការដែលជាលោកគ្រូ​អ្នកគ្រូទាំងអស់ ត្រូវចូលរួមប្រឆាំងនឹងសត្រូវពីរ របស់រដ្ឋបាលខេត្ត គឺគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាគ្រឿងញៀន ដោយសូមឱ្យ​លោកគ្រូ​អ្នកគ្រូ ជួយផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ និងផលអវិជ្ជមានក្នុង​ការ​ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ទៅកាន់សិស្សានុសិស្សឱ្យបានជាប្រចាំ និងជាអចិន្ត្រៃយ៍រៀងរាល់ថ្ងៃចន្ទ ពេលគោរពទង់ជាតិ​ដើម្បីចូល​រួមចំណែកអប់រំ​ឱ្យកាន់ទូលំទូលាយដល់សិស្សានុសិស្ស និងក្រុមគ្រួសារ​របស់ពួកគេ។ បន្ថែមលើនេះទៀត ឯកឧត្តមអភិបាលក៏ស្នើឱ្យ​លោកគ្រូអ្នកគ្រូទាំងអស់ ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីការមកទទួលយកថ្នាំ ព្យាបាលផ្តាច់ថ្នាំញៀនដោយឥតគិតថ្លៃ ពីមន្ទីរពេទ្យ មណ្ឌលសុខភាពទាំងអស់ ទូទាំងខេត្តកំពង់ចាម។

បន្ទាប់ពីសំណេះសំណាលរួច ឯកឧត្តមអភិបាលខេត្ត បានប្រគល់​ជូន​ដីការ​តែងតាំងដល់អនុប្រធានមន្ទី និងប្រធានការិយាល័យ​ថ្មីដែលទើប​ទទួលការតែងតាំង និងប្រគល់ជូនទង់ជ័យលាភី បណ្ណ័សសើរ ជូនបណ្តាលសាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ ដែលទទួលបានជ័យលាភី។


អត្ថបទ ៖ Administrator

សារលិខិតរបស់អភិបាល
កាលវិភាគថ្នាក់ដឹកនាំ
ប្រព័ន្ធគ្រប់គ្រងទិន្នន័យរដ្ឋបាល
សំលេងប្រជាពលរដ្ឋ