កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលស្រុកស្រីសន្ធរ បានរៀបចំវេទិកាសាធារណៈ នៅឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ដើម្បី បង្ហាញអំពីគម្រោងសាងសង់ប្រព័ន្ធធារាសាស្រ្ត នៅក្នុងស្រុកស្រីសន្ធរ ។ វេទិកា ក្រោមការអញ្ជើញចូលរួមពី លោក ស៊ីម គង់ អភិបាល នៃគណៈស្រុកស្រីសន្ធរ និង លោក មិន សីហា ប្រធានផ្នែកនាវាសណ្តោង កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំប្រាំយ៉ាម ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំ និងបងប្អូនប្រជាពលរដ្ឋ ប្រមាណ ១៨៤នាក់ ផងដែរ ។
នាឱកាសនោះ លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ បានលើកឡើងអំពីគម្រោងសាងសង់ប្រព័ន្ធធារាសាស្រ្ត មានដូចជា ៖ ប្រឡាយបេតុង ឆ្លងកាត់ឃុំព្រែកពោធិ៍ ឃុំ ខ្នារស ឃុំប្រាំយ៉ាម ឃុំជីបាល ឃុំស្វាយពោធិ៍ និងឃុំទងត្រឡាច នេះ ជាអំណោយដ៏ថ្លៃថ្លា របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទុកជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកស្រីសន្ធរ ដើម្បី ប្រើប្រាស់ជាប្រយោជន៍សាធារណៈ ។
គូសបញ្ជាក់ថា បន្ទាប់ពីបានស្ដាប់មតិយោបល់ និងការបកស្រាយ របស់អាជ្ញាធរ រួចមក បងប្អូនប្រជាពលរដ្ឋ ដែលទទួលបានផលប្រយោជន៍ទាំងអស់នោះ បានសម្ដែងនូវការសាទរ ចំពោះ គម្រោងខាងលើ ហើយក៏បានថ្លែងអំណរគុណ ចំពោះ រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខ របស់ពលរដ្ឋ នៅក្នុងស្រុកស្រីសន្ធរ ។ ជាក់ស្តែង សម្ដេចបានស្ថាបនា ផ្លូវលេខ ៧០បេ មានប្រវែងប្រមាណ ១៦គីឡូម៉ែត្រ ជាផ្លូវបេតុង ហើយនៅពេលខាងមុខដ៏ខ្លីនេះ និងទទួលបានប្រព័ន្ធធារាសាស្រ្ត ជាប្រឡាយបេតុង ១ខ្សែ ដ៏វែង ដែលមូលដ្ឋានរបស់យើង មិនធ្លាប់មានពីមុនមក ទៀតផង ៕
អត្ថបទ ៖ អាន ដែត