ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃព្រហស្បត្តិ ២រោច ខែជេស្ន ឆ្នាំរកា សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លី ក្បាលដីចំនួន ២.៨៤៣ក្បាលដី ជូនប្រជាពលរដ្ឋចំនួន១.៤០១គ្រួសារ នៅឃុំហាន់ជ័យ ស្រុកកំពង់សៀម ។


នាឱកាសនេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថ្លែងការកោតសរសើរ ចំពោះក្រុមការងារចុះបញ្ជីដីធ្លី និងអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំសម្រេចកិច្ចការនេះ ដោយការទទួលខុសត្រូវ និងតម្លាភាព។ ឯកឧត្ដមអភិបាលខេត្ត បានគូសបញ្ជាក់ថា ក្បាលដីដែលបងប្អូន បានចុះបញ្ជី នៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និងទទួលបានប័ណ្ណកម្មសិទ្ធិនេះ គឺបានបំពេញលក្ខណ្ឌគ្រឹះដ៏រឹងមាំ ដែលធានាដោយរដ្ឋ និងការពារដោយច្បាប់ ហើយក៏ជាលក្ខណ្ឌសំខាន់ សម្រាប់ការប្រើប្រាស់បណ្ណដី ដោយការដាក់ធានា ខ្ចីប្រាក់នៅធនាគារ ដើម្បីយកដើមទុនមកប្រើប្រាស់ សម្រាប់អាជីវកម្មផ្សេងៗ ក្នុងការកែលម្អជីវភាពរស់នៅ។ ដូច្នេះការចុះបញ្ជី គឺជាការពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ដែលនឹងជម្រុញការប្រើប្រាស់ដីធ្លីឲ្យអស់សក្ដានុពល ហើយកត្តានេះ ពិតជាបានបញ្ចប់ជម្លោះ និងវិវាទដីធ្លី ជាពិសេស ការកាត់បន្ថយភាពក្រីក្រ ដែលជាគោលនយោបាយជម្រុញការចុះបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាល ។ ឯកឧត្ដមបញ្ជាក់ថា ប័ណ្ណកម្មសិទ្ធិ ដែលបងប្អូនទទួលបាននៅថ្ងៃនេះ គឺជាឯសារមួយសំខាន់ណាស់ ជាឯកសារតំណាងឲ្យទ្រព្យរបស់បងប្អូន ជាឯកសារតំណាងឲ្យសិទ្ធិ នៃកម្មសិទ្ធផ្ដាច់មុខ របស់កម្មសិទ្ធិករ លើដីធ្លីរបស់ខ្លួន ក្នុងការប្រើប្រាស់ និងអាស្រ័យផល ក្នុងការលក់ដូរ ការផ្ទេរទៅអ្នកដទៃ ការដាក់ធានាខ្ចីប្រាក់ ការផ្ទេរទៅឲ្យកូនចៅ។ អាស្រ័យហេតុនេះ សូមបងប្អូនរក្សាប័ណ្ណនេះ ឲ្យបានល្អប្រសើរ ជៀសវាងការធ្លាក់ទៅដល់ដៃរបស់ជនទុច្ចរឹត ហើយយកទៅប្រើប្រាស់ក្នុងអំពើអាក្រក់ និងអំពើផ្សេងៗទៀត នាំឲ្យមានការលំបាក ដល់បងប្អូន ដែលជាម្ចាស់កម្មសិទ្ធិផ្ទាល់ ។
មួយគ្នានោះដែរ ឯកឧត្ដម គួច ចំរើន ក៏បានលើកឡើង អំពីការដាក់ចេញនូវចលនាប្រលងប្រណាំងឃុំ-សង្កាត់បំរើសេវាល្អ តាមរយៈការចាត់តាំងក្រុមការងារ មានមេឃុំ ចៅសង្កាត់ ស្មៀន និងនគរបាលប៉ុស្តិ៍ ទៅបំរើសេវាសាធារណៈ លើការងារអត្រានុកូលដ្ឋាន និងការងារអត្តសញ្ញាណកម្ម ដោយមិនបង់លុយនៅក្នុងមូលដ្ឋាន។ តាមរយៈកិច្ចការនេះ សូមឲ្យប្រជាពលរដ្ឋយើង ជួយតាមដាននិងពិនិត្យមើល ថាតើក្រុមការងារនេះ បានអនុវត្តភារកិច្ចនេះ បានត្រឹមត្រូវ និងមានតម្លាភាពដែរឬទេ? ក្រៅពីនោះ ក៏ស្នើទៅដល់ប្រជាពលរដ្ឋទាំងអស់ ខិតខំគោរពច្បាប់ចរាចរ និងការធ្វើដំណើរដោយប្រុងប្រយ័ត្ន ដើម្បីភាពសុខសាន្ត ទាំងអស់គ្នា។ ដោយឡែកកន្លងមក ក៏មានការចូលរួម ខំមិន នៅក្នុង Page របស់ឯកឧត្ដម ដោយលើកឡើងនូវមតិយោបល់ផ្សេងៗ លើករណីថា មានសារធាតុញៀន ការប្រើប្រាស់គ្រឿងញៀន នៅតាមក្នុងមូលដ្ឋានមួយចំនួន ឯកឧត្ដមអភិបាលខេត្ត ក៏បានអំពាវនាវសូមឲ្យទទួលថ្នាំព្យាបាលគ្រឿងញៀន នៅតាមមូលដ្ឋានសុខាភិបាល ក្នុងខេត្តកំពង់ចាម ប្រសិនបើបងប្អូន មានកូនចៅញៀនថ្នាំនោះ ៕





អត្ថបទ ៖ Administrator