ព្រឹកថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០១៨ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានជួបសំណេះសំណាល និងពិសារអាហារពេលព្រឹក ជាមួយអ្នកបើកបររថយន្តដឹកកម្មករ កម្មការនី រោងចក្រ ខាលីងតុន ស្កាយណាយ ប្រាយម៍ស៊ូ រោងចក្រប្រមាណជាង២៤០នាក់។

ក្នុងបរិយាកាសដ៏រីករាយនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះការចូលរួមយ៉ាងច្រើនកុះករពីបងប្អូនអ្នកបើកបររថយន្តដឹកកម្មករ និងអរគុណដែរកន្លែងមក បងប្អូនទាំងអស់គ្នាបានយកទុកដាក់ខ្ពស់ ក្នុងការបើកបរដឹកកម្មករទាំងទៅ និងទាំងត្រលប់ពីធ្វើការ ទៅដល់គេហដ្ឋានដោយសុវត្ថិភាព។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត នៅតែលើកទឹកចិត្ត និងបន្តអោយអ្នកបើកបររថយន្តដឹកកម្មករទាំងអស់ ត្រូវតែគោរពច្បាប់ចរាចរណ៍ជាដាច់ខាត បើកបរដោយប្រុងប្រយ័ត្ន កុំបើកបរក្នុងស្ថានភាពស្រវឹង ជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងបើកបរមិនប្រកាន់ស្តាំ ព្រោះថាសុខសុវត្ថិភាព និងជីវិតរបស់កម្មករកម្មការនី ជាច្រើនរយនាក់ផ្ញើរនឹងអ្នកបើកបររថយន្តទាំងអស់នេះ។

លើសពីនេះឯកឧត្តមអភិបាល បានសំណូមពរឱ្យ អ្នកបើកបររថយន្តទាំងអស់ជៀសឱ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ព្រោះការសេពគ្រឿងញៀននាំឱ្យ ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ខាតបង់លុយកាក់ កេរ្តិ៍ឈ្មោះកត្តិយសក្រុមគ្រួសារ ភាពអសន្តិសុខសង្គម និងជាពិសេសអាចបង្ក ឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុពេលបើកបរ។ ឯកឧត្តមអភិបាលខេត្តក៏បាន សូមឱ្យបងប្អូនអ្នកបើកបររថយន្តដឹកកម្មករទាំងអស់ រួមគ្នាប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ឱ្យខានតែបាន ដោយឆ្លើយថាទេចំពោះគ្រឿងញៀន។









អត្ថបទ ៖ Administrator