ឯកឧត្តម ខៀវ កាញារឹទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម


: 2020-07-15 20:31:59

នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នាសាលាខេត្តកំពង់ចាម ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម។

តាមរបាយការណ៍របស់ឯកឧត្តម ជា ក្រូច អតីតប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម ហើយបច្ចុប្បន្នជាទីប្រឹក្សា ក្រសួងព័ត៌មាន បានធ្វើរបាយការណ៍បូកសរុបពីលទ្ធិផល និងស្នាដៃការងារ រួមរបស់ខ្លួន ដែលបានបំពេញ ក្នុងរយៈពេល ៣៦ឆ្នាំ កន្លងមកនេះ ពិសេស ក្នុងខណៈពេល ជាប្រធានមន្ទីរព័ត៌មាន រយៈពេលជាង ១០ឆ្នាំ កន្លងមកនេះ ។

យោងតាមប្រកាសលេខ២៣៧ ព.ម ប្រក របស់ក្រសួងព័ត៌មាន ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការតែងតាំងមន្ត្រីរាជការ ត្រូវបានតែងតាំងលោកស្រី​ សម​ ផល្លា​ ជាប្រធាន​មន្ទីរព័ត៍មានខេត្ត​កំពង់ចាម ជំនួស​លោក​ ជា​ ក្រូច​ ដែលត្រូវបានចូលនិវត្តន៍​។

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត មានប្រសាសន៍ កោតសរសើរ និងថ្លែង អំណរគុណ ចំពោះ ឯកឧត្តម ជា ក្រូច ដែលកន្លងមកបានខិតខំដឹកនាំមន្ទីរ ក្នុងការអនុវត្ត ការងារទៅតាមតួនាទី ភារកិច្ចរបស់ខ្លួន ដែលបានកំណត់ និងទទួលបានលទ្ធផលល្អប្រសើរ ។ រីឯ លោកស្រី សម ផល្លា ដែលត្រូវបានតែងតាំង ជាប្រធានមន្ទីរនាឱកាសពេលនេះ ក៏ជាមន្ត្រីសកម្មការងារ មានចំណេះដឹង និងបទពិសោធន៍ក្នុងការដឹកនាំ គ្រប់គ្រង់នាពេលកន្លងមក ហើយ លោកស្រី ក៏ជាអនុប្រធានមន្ទីព័ត៌មាន ខេត្តស្រាប់ ។ តាមរយៈនេះ ឯកឧត្ដម អភិបាលខេត្ត បានជម្រុញអោយ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពទាំងអស់ ពិសេស លោកស្រី ប្រធានមន្ទីរដែល ទើបទទួលបានការតែងតាំងថ្មី ត្រូវខិតខំលើកកម្ពស់គុណភាពការងារ ប្រកបដោយវិជ្ជាជីវៈ ដោយបញ្ចេញឲ្យអស់ពីសមត្ថភាព ទេពកោស្យ និងគំនិតឆ្នៃប្រឌិត ក្នុងស្មារតី ទទួលខុសត្រូវ ចំពោះថ្នាក់ដឹកនាំក្រសួង ចំពោះថ្នាក់ដឹកនាំរដ្ឋបាលខេត្ត លើវិស័យជំនាញរបស់ខ្លួន។ ជាមួយនោះ លោកស្រីប្រធានមន្ទីរ ត្រូវយកចិត្តទុកដាក់ ជាមួយមន្ត្រីក្រោមឱវាទរបស់ខ្លួន ដែលជា កត្តាសំខាន់ ដើម្បីរួមគ្នាអនុវត្តនូវតួនាទីភារកិច្ច ឲ្យទទួលបានលទ្ធផលល្អប្រសើរ និងមានការគោរព សាមគ្គីភាពគ្នា ប្រកបដោយមនសិការ និងឆន្ទៈការងារខ្ពស់ ដោយមានការបែងចែក និងប្រគល់ ភារកិច្ច ដល់មន្ត្រីរបស់ខ្លួន មានផែនការច្បាស់លាស់ មានរបបប្រជុំឲ្យបានទៀងទាត់ មានរបបរាយការណ៍ និងសុំយោបល់ថ្នាក់ដឹកនាំ នៅពេលជួបបញ្ហាមិនអាចដោះស្រាយបាន ។ ទន្ទឹមនឹងនោះដែរ ក៏ត្រូវមានកិច្ច សហការល្អ ជាមួយមន្ទីរ អង្គភាពនានាជុំវិញខេត្ត អាជ្ងាធរ គ្រប់លំដាប់ថ្នាក់ ផងដែរ ។

ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់លោកស្រីប្រធានមន្ទីរថ្មី ឲ្យបន្តធ្វើការ ផ្សព្វផ្សាយអំពី ការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងជំងឺកូវីដ១៩ នៅតាមបណ្តាញទូរទស្សន៍ និងវិទ្យុក្នុងខេត្តឲ្យបានជាប់ ជាប្រចាំ ។ ត្រូវគ្រប់គ្រងព័ត៌មានវិជ្ជមាន អវិជ្ជមាន ត្រូវធ្វើការតាម ដានរាល់ព័ត៌មានកែ្លងក្លាយ និងត្រូវរាយ ការណ៍ជូនថ្នាក់ខេត្ត និងក្រសួង ។

ថ្លែងនាឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្តី បានថ្លែងការសរសើរដល់ ឯកឧត្ដម ជា ក្រូច ដែលបានប្រឹងប្រែងបំពេញកិច្ចការងារ ក្នុងមន្ទីរព័ត៌មានខេត្តកំពង់ចាម ឲ្យមានការរីកចំរើន ព្រមជាមួយ នេះ ក៏បានទៅជួយបណ្តុះបណ្តាលការងារបច្ចេកទេស ដល់ខេត្តផ្សេងៗថែមទៀតផង ។ ជាមួយនេះ ឯកឧត្ដមរដ្ឋមន្រ្តី ក៏បានអរគុណ ចំពោះ ថ្នាក់ដឹកនាំខេត្តកំពង់ចាម ដែលបានគាំទ្រ ចំពោះ បេក្ខភាព លោកស្រី សម ផល្លា ជាប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ចាមថ្មី ដែលមានស្នាដៃល្អ ក្នុងកិច្ចការងារព័ត៌មាន តាំងពីយូរណាស់មកហើយ ផងដែរ ។ ទាក់ទងការងារព័ត៌មាន នេះដែរ ឯកឧត្ដម ខៀវ កាញារីទ្ធ បានជម្រាបជូនពីដំណើរការងារត្រៀមធ្វើការផ្លាស់ប្តូរ ប្រពន្ធ័ផ្សព្វផ្សាយពី អានណាឡូក ទៅជា ឌីជីថល ដែលមានគុណភាពច្បាស់ល្អ និងផ្សាយបានទូលំទូលាយ ទូទាំងប្រទេស ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ ប្រធានមន្ទីរព័ត៌មានថ្មី ត្រូវយកចិត្តទុកដាក់ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អ មានយុត្តិធម៏ ក្នុងការតែងតាំងតូនាទីឲ្យរង្វាន់លើកទឹកចិត្ត និងយុត្តិធម៏ក្នុង ការដាក់ពិន័យ ។ ប្រធានមន្ទីរ ត្រូវធ្វើយ៉ាងណាបង្រួបបង្រួមមន្រ្តី ក្រោមឱវាទ ធ្វើការរួមជាមួយគ្នាបានល្អ ពិសេស ត្រូវមានរបបប្រជុំគ្នាជារៀងរាល់ព្រឹក ដើម្បី ប្រមូលរកព័ត៌មាន ថាតើថ្ងៃនេះ មានព័ត៌មានណា ដែលទាក់ទងទៅ និងខេត្តរបស់ខ្លួន ហើយបើមានត្រូវធ្វើរបាយការណ៍ ដាក់ជូនទៅគណៈអភិបាលខេត្តពិនិត្យ ដើម្បីមានវិធានការដោះស្រាយ បានទាន់ពេលវេលា។ មន្ទីរព័ត៌មាន សំខាន់បំផុត គឺការផ្ទេរព័ត៌មាន ពីមូលដ្ឋានទៅឲ្យថ្នាក់ដឹកនាំ និងផ្ទេរការពន្យល់ របស់ថ្នាក់ដឹកនាំ ទៅមូលដ្ឋានវិញ ហើយត្រូវចាំថា មន្ទីរព័ត៌មាន ប្រៀបដូចជា ចុងភៅ ក្នុងការប្រមូលនូវធាតុផ្សំទាំងអស់ ពីគ្រប់មន្ទីរ អង្គភាពទាំងអស់ក្នុងខេត្ត ហើយធ្វើការកែសម្រួល សម្រិតសម្រាំងឲ្យបានល្អ ដើម្បីឲ្យសាធារណៈ ទាំងអស់ ទទួលយកបាន ។ ថ្នាក់ដឹកនាំមន្ទីរព័ត៌មានត្រូវ ចាំនូវពាក្យ ស្លោក របស់ក្រសួងព័ត៌មាន គឺ ៖ «ប្លែក លឿន ទុកចិត្តបាន ទីណា ពេលណាក៏បាន» ហើយក្នុងនេះ គោលដែលធំបំផុតគឺ ទុកចិត្តបាន បើគេមិនទុកចិត្តហើយការងារអ្វីៗ និងរលាយតែម្តង។ ដើម្បីឲ្យមានការទុកចិត្ត គឺការប្រឹងប្រែសិក្សារៀនសូត្រ បង្កើនសមត្ថភាព និងវិជ្ជាជីវះរឹងមាំ ទើបបំពេញកិច្ច ការងារបានល្អប្រសើរ និងជោគេជ័យ ៕


អត្ថបទ ៖ អាន ដែត