ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​ រួមដំណើរជាមួយឯកឧត្តម អភិបាលរងខេត្ត មន្ទីរ​ អង្គភាពពាក់ពន្ធ័​ បានអញ្ជើញចុះពិនិត្យផ្លូវ១ខ្សែ ប្រវែង ១.៧១០ម៉ែត្រ ស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម


: 2020-07-17 15:37:55

នៅព្រឹក​ថ្ងៃទី​១៧​ ខែកក្កដា​ ឆ្នាំ​២០២០​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ រួមដំណើរជាមួយឯកឧត្តម អភិបាលរងខេត្ត មន្ទីរ​ អង្គភាពពាក់ពន្ធ័ អាជ្ញាធរស្រុកកំពង់សៀម ឃុំអំពិល និងមន្ត្រីជំនាញ​ បានអញ្ជើញចុះពិនិត្យផ្លូវ១ខ្សែ ប្រវែង ១.៧១០ម៉ែត្រ ស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម បានកសាងរួចរាល់១០០% ។​

ក្នុងឱកាសចុះពិនិត្យ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នេះ ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យជួយថែរក្សានូវសមិទ្ធិផលនេះ ដើម្បីប្រើប្រាស់ឲ្យបានយូរអង្វែង និងសូមបងប្អូនទាំងអស់ អប់រំបងប្អូន កូនចៅ ដែលរស់នៅតាមដងផ្លូវនេះ ពេលមានផ្លូវល្អ ស្រួលក្នុងការធ្វើដំណើរ តែក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដើម្បីបញ្ជៀសបានគ្រោះថ្នាក់នានាដែលអាចនឹងកើតមានគ្រប់ពេលវេលា។

ទាំងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ អ្នកធ្វើដំណើរ​ឆ្លងកាត់ និងភ្ញៀវទេសចរណ៍ដែលអញ្ជើញមកទស្សនារមណីយដ្ឋានប្រាសាទនគរបាជ័យ​ បានសាទរចំពោះសមិទ្ធិផលដ៏ថ្មីស្រឡាង១ខ្សែនេះ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណអភិបាលខេត្តកំពង់ចាម ដែលបានដឹកនាំកសាងផ្លូវ១ខ្សែនេះ ទុកជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ។

សូមបញ្ចាក់ថា គម្រោងសាងសង់ផ្លូវបេតុង ១ខ្សែបណ្ដោយប្រវែង ១.៧១០ម៉ែត្រ និងប្រវែងទទឹង ៦ម៉ែត្រ បានចាប់ផ្តើមការដ្ឋានសាងសង់នៅដើមខែឧសភា ដោយប្រើប្រាស់ថវិកា របស់រដ្ឋបាលខេត្តឆ្នាំ២០២០ ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន សម្រាប់ធ្វើដំណើរឆ្លងកាត់ និងដឹកកសិផលផ្សេងៗ ទៅកាន់ទីផ្សារ។ ម្យ៉ាងទៀត ផ្លូវនេះក៏ជាខ្សែ ក្រវ៉ាត់ព័ទ្ធជុំវិញប្រាសាទបុរាណ ដ៏វ័យចំណាស់ ១កន្លែង របស់ខេត្តកំពង់ចាម ក្នុងការជួយសម្រួល ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ធ្វើដំណើរមកទស្សនាកំសាន្ត នៅរមណីដ្ឋានប្រវត្តិសាស្ត្រនេះ ផងដែរ៕

 


អត្ថបទ ៖ អាន ដែត