ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងឯកឧត្តម ឈា ប៊ុនរិទ្ធិ អគ្គនាយកកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យទំនប់អាងទឹកតំបន់ដែលទើបនឹងជួសជុលរួច នៅស្រុកព្រៃឈរ និងស្រុកជើងព្រៃ


: 2020-07-18 17:47:25

នៅព្រឹកថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ឈា ប៊ុនរិទ្ធិ អគ្គនាយកកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម រួមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត បានដឹកនាំមន្ត្រីជំនាញក្រសួង និងមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុកព្រៃឈរ និងស្រុកជើងព្រៃ ចុះពិនិត្យទំនប់អាងទឹកតំបន់ដែលទើបនឹងជួសជុលរួច និងមានទីតាំងនៅក្នុងឃុំព្រៃចារ ស្រុកជើងព្រៃ និងឃុំសំរោង ស្រុកព្រៃឈរ។

ទាំងបងប្អូនប្រជាពលរដ្ឋអាស្រ័យផលពីអាងទឹកតំបន់ និងប្រជាពលរដ្ឋនៅក្នុងឃុំសំរោង ស្រុកព្រៃឈរ និងឃុំព្រៃចារ ស្រុកជើងព្រៃ បានសាទរចំពោះសមិទ្ធិផលនេះ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជារដ្ឋាភិបាល និងឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដែល បានជួសជុលទំនប់អាងទឹកតំបន់នេះ។

ក្នុងឱកាសនៃការចុះពិនិត្យទំនប់អាងទឹកតំបន់ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរបរិស្ថានខេត្ត អាជ្ញាធរស្រុកព្រៃឈរ និងជើងព្រៃ ដាំដើមស្តៅតាមបណ្តោយទំនប់ ដើម្បីការពារការហូរច្រោះជើងទំនប់ ម្យ៉ាងដើម្បីបង្កើនសោភណ្ឌភាពទំនប់។

គួរបញ្ចាក់ថា៖ ក្រសួងធនធានទឹក និងឧតុនិយម បានចាប់ផ្តើមការដ្ឋានជួសជុលកាលពីចុងខែមីនា ឆ្នាំ២០២០ តាមសំណើររបស់រដ្ឋបាលខេត្តកំពង់ចាម ដោយធ្វើការជួសជុលទំនប់អាងទឹកតំបន់ និងជួសជុលសំណង់សិល្បការរួមមានជួសជុលទំនប់អាងទឹកប្រវែង ៣.៩០០ម៉ែត្រ និងទ្វារទឹកចំនួន ០៣កន្លែង។ ទំនប់អាងទឹកតំបន់ អាចរក្សាទឹកទុកបានចំនួន ១២លានម៉ែត្រត្រីគុណ សម្រាប់ស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលស្រូវវស្សា ៤៥២ហិចតា ស្រូវប្រាំង១.២៥០ហិចតា និងដំណាំរួមផ្សំ ៤០ហិចតា របស់ប្រជាពលរដ្ឋ ចំនួន១០ភូមិ ក្នុងឃុំសំរោង ស្រុកព្រៃឈរ និងឃុំព្រៃចារ ស្រុកជើងព្រៃ ចំនួន៣.២១៣គ្រួសារដែលបានពឹងអាស្រ័យលើអាងតំបន់នេះ៕


អត្ថបទ ៖ អាន ដែត