ឯកឧត្ដម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានអញ្ជើញប្រគល់ថវិកាគោលនយោបាយ ជូនប្រជាពលរដ្ឋ ០៥គ្រួសារ សងផលប៉ះពាល់ផ្ទះ និងដី


: 2020-07-27 15:10:56

នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម អមដំណើរដោយថ្នាក់ដឹកនាំ មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញប្រគល់ថវិកាគោលនយោបាយ ជូនប្រជាពលរដ្ឋ ០៥គ្រួសារ សងផលប៉ះពាល់ផ្ទះ និងដី ដើម្បីអាជ្ញាធរយកទីតាំង សាងសង់ផ្លូវ និងស្ពានបេតុង ១កន្លែង ស្ថិតនៅព្រែកអាចារ្យសួន ក្នុងភូមិទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ។

សូមបញ្ជាក់ថា ផ្អែកតាមលទ្ធផល នៃការវាយតម្លៃ របស់ការងារក្រុមបច្ចេកទេស ក៏ដូចជា អាជ្ញាធរឃុំពាមកោះស្នា ទៅលើការសាងសង់ផ្លូវ និងស្ពានបេតុង ១កន្លែង ស្ថិតនៅលើទីតាំងខាងលើ បានឲ្យដឹងថា មានប្រជាពលរដ្ឋ រស់នៅសងខាងស្ពាន ចំនួន ០៥គ្រួសារ ដែលបានទទួលរងផលប៉ះពាល់លំនៅដ្ឋាន ។ ដោយពិនិត្យឃើញស្ថានភាពលំបាក ក៏ដូចជា ផ្អែកតាមគោលនយោបាយ ក្នុងការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ឯកឧត្ដម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងក្រុមការងារ ក៏បានផ្ដល់ជូននូវសំណងខាងលើ ទៅតាមស្ថានភាពជាក់ស្ដែង ។

គួររំលឹកដែរថា ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្ដល់ជាងចំណងដៃ នូវស្ពានបេតុង ១កន្លែង មានទំហំបណ្ដោយប្រវែង ៩០ម៉ែត្រ គុណនិងទទឹង ៩,៦០ម៉ែត្រ ដោយតភ្ជាប់ពីភូមិទួលរកា ឆ្ពោះទៅភូមិដីលើ នៃឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ៕


អត្ថបទ ៖ អាន ដែត