ខេត្តកំពង់ចាមៈ ល្ងាចថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ០៥ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះអប់រំ ណែនាំ ក្រុមអ្នកលេងល្បែងជល់មាន់ខុសច្បាប់ ក្រោយការដាក់ចេញផែនការតឹងរឹងលើកទី២ ចំពោះគណៈបញ្ជាការឯកភាពស្រុកជើងព្រៃ ឃាត់បានម៉ូតូ ៤៣គ្រឿង ដែលម្ចាស់អ្នកជល់មាន់រត់ចោល កាលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៣ និង២០នាទី ចំណុចភូមិសណ្តែក ឃុំសំពងជយ័ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
ក្រោយពីរត់ចោលម៉ូតូជាច្រើនថ្ងៃមក ម្ចាស់ម៉ូតូបានចូលខ្លួនដោះស្រាយ និងស្នើសុំយកម៉ូតូវិញ ដែលក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានធ្វើការអប់រំ ណែនាំ និងព្រមានធ្ងន់ៗ ដល់អ្នកលេងជល់មាន់ទាំងអស់ ថាការភ្នាល់ ជល់មាន់ជាល្បែងខុសច្បាប់ ត្រូវផ្តន្ទាទោសទៅក្រមព្រហ្មទណ្ឌជាធរមាន ហើយការលេងល្បែងភ្នាល់ជល់មាន់នេះ នាំឱ្យខាតបង់ពេលវេលា ធនធាន ប្រាក់កាស និងជាផលអាក្រក់សម្រាប់ ក្រុមគ្រួសារ រួមទាំងសង្គមជាតិ។
អត្ថបទ ៖ Administrator