ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណអភិបាលខេត្តកំពង់ចាម​ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបេីកយុទ្ធនាការចាក់វ៉ាក់សាំងការពារ ជម្ងឺសារទឹក​ ដល់សត្វគោ​ ក្របី​ នៅភូមិដូង ឃុំតុងរ៉ុង​ ស្រុកព្រៃឈរ


: 2020-08-04 15:24:12

នៅព្រឹកថ្ងៃទី០៤ ខែសីហាឆ្នាំ២០២០ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណអភិបាលខេត្តកំពង់ចាម​ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបេីកយុទ្ធនាការចាក់វ៉ាក់សាំងការពារ ជម្ងឺសារទឹក​ ដល់សត្វគោ​ ក្របី​ នៅភូមិដូង ឃុំតុងរ៉ុង​ ស្រុកព្រៃឈរ​ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ ក្នុងខែសីហា មន្ត្រីជំនាញកសិកម្ម តែងតែបានអនុវត្ត ការចាក់ថ្នាំការពារជំងឺឆ្លង ដល់សត្វគោ ក្របី នៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋយើង ឲ្យបានមុនពេលទឹកជំនន់ ដោយហេតុថា ពេលមានទឹកជំនន់ គោ ក្របី វាងាយនឹងកើតជម្ងឺ ៣ប្រភេទ គឺ ជម្ងឺសារទឹក ជម្ងឺអ៊ុតក្តាម និងជម្ងឺបូសខ្យល់ ។

ឯកឧត្តម មានប្រសាសន៍បន្តថា ថ្វីដ្បិតតែសម័យកាលនេះទំនើប មានប្រជាកសិករមួយចំនួន មានលទ្ធភាពប្រើគ្រឿងចក្រ ប៉ុន្តែ ក៏នៅមានកសិករយើងជាច្រើន ដែលកំពុងតែប្រើប្រាស់សត្វគោ ក្របី ដើម្បី ប្រកបការងារកសិកម្មនេះ ផងដែរ ពោល គឺសត្វគោ ក្របី ពិតជាមានផលប្រយោជន៍ យ៉ាងច្រើន ដល់ប្រជាកសិករ ហេតុដូច្នេះហើយ ទើបអាជ្ញាធរខេត្ត ជាពិសេស គឺយើងមានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានដាក់ចេញនូវផែនការប្រចាំឆ្នាំ ក្នុងការចាក់ថ្នាំការពារសុខភាពសត្វ នៅគ្រប់មូលដ្ឋានទាំងអស់ ក្នុងខេត្តកំពង់ចាមតែម្តង ដើម្បី កុំឲ្យមានសត្វគោ ក្របី ងាប់ដោយសារជម្ងឺឆ្លងនោះ ដែលនាំឲ្យមានការខាតបង់ធ្ងន់ធ្ងរ ដល់ប្រជាកសិករយើង។ វិស័យកសិកម្ម នៅក្នុងប្រទេសកម្ពុជា បើទោះជាមុន ឬក្រោយពេលកើតមានជម្ងឺកូវីដ១៩ ក៏ដោយ ក៏វិស័យនេះ នៅតែសំខាន់ សម្រាប់ប្រជាពលរដ្ឋយើង ប្រមាណជាង ៦០% ដែលប្រកបមុខរបរកសិកម្មនេះ ពិសេស គឺរំពឹងទៅលើសត្វគោ ក្របី ជាកម្លាំងអូសទាញតែម្តង ហេតុដូច្នេះហើយ ទើបអាជ្ញាធរ បានយកចិត្តទុកដាក់ គិតគូការពារសុខភាពសត្វគោ ក្របី ជាចំណុចចម្បង ពីព្រោះថា សត្វពាហនៈទាំងនោះ អាចជួយជាប្រយោជន៍យ៉ាងច្រើន ក្នុងការជម្រុញធ្វើឲ្យជីវភាព របស់បងប្អូនប្រជាពលរដ្ឋយើង កាន់តែធូរធារ ។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ដែរថា ឆ្លងកាត់បទពិសោធន៍ ទៅលើដំណាំស្រូវ ក្នុងឆ្នាំកន្លងទៅនេះ យើងឃើញថា នៅតំបន់ខ្លះ កសិករអាចដាំស្រូវ បានដល់ទៅ ៣ដង ក្នុងមួយឆ្នាំ ដោយសារតែពួកគាត់ មានប្រភពទឹកគ្រប់គ្រាន់ ដោយទទួលបានទិន្នផល ក្នុងមួយហិចតា ជាមធ្យមបាន ៦តោន ។ ប៉ុន្តែនៅតំបន់ខ្លះ គឺស្រូវស្កកខូច ដោយសារគ្រោះរាំងស្ងួត ហើយក៏ជាតំបន់ដែលពុំមានប្រភពទឹក ដោយកសិករយើងដាំស្រូវពឹងផ្អែក ទៅលើទឹកភ្លៀងទាំងស្រុង ។ ប្រការនេះ ទើបអាជ្ញាធរខេត្ត មានគម្រោងនៅឆ្នាំ ២០២២ និងបង្វែរពីការអភិវឌ្ឍផ្លូវ ទៅជាការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រវិញម្ដង ដើម្បីធ្វើឲ្យកសិករយើង មានប្រភពទឹកគ្រប់គ្រាន់ ក្នុងការបង្ករបង្កើនផលលើវិស័យកសិកម្មនេះ ។

យោងតាម​​ លោក​ ស៊ីម​ ថាវីរៈ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ខេត្ត បានឲ្យដឹងថា​ សម្រាប់​ខេត្ត​កំពង់ចាម​ មាន​សត្វ​គោក្របី​ សរុប​ចំនួន​២០៤.៨៦០ក្បាល​ ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​ហើយ​ ចំនួន ១.០៨៧​ក្បាល​ ។ ដោយឡែក​ នៅ​ក្នុង​ស្រុកព្រៃឈរ​ មាន​សត្វ​គោក្របីចំនួន ៤៨​.៣៩៥ក្បាល ចំពោះ​ឃុំ​តុងរ៉ុង​ មាន​គោក្របី​ចំនួន​ ១.២៣៧​ក្បាល​ ហើយត្រូវបានចាក់វ៉ាក់សាំងការពារ​ជម្ងឺ​ចំនួន​ ៧៣៩ក្បាល ដែលយុទ្ធនាការចាក់វ៉ាក់សាំងនេះ តែងតែធ្វើឡេីងជាប្រចាំ នារដូវទឹកឡើង​ ដោយ​មិន​មាន​ការ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ បង់ប្រាក់​​ឡេីយ​ ៕


អត្ថបទ ៖ អាន ដែត