ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមបើកកិច្ចប្រជុំផ្សព្វផ្សាយពីយន្តការតាមដានគ្រោះរាំងស្ងួតសម្រាប់ខេត្តកំពង់ចាម


: 2020-08-04 22:05:23

នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ នេះ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមបើកកិច្ចប្រជុំផ្សព្វផ្សាយពីយន្តការតាមដានគ្រោះរាំងស្ងួតសម្រាប់ខេត្តកំពង់ចាម។ កិច្ចប្រជុំមានការចូលរួមពីតំណាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក លោកស្រីប្រធានលេខាធិការគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្រុង-ស្រុក, សមាជិកលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងតំណាងអង្កការ DCA តំណាងUNDP។

គោលបំណងនៃកិច្ចប្រជុំដើម្បីពិនិត្យ សម្រេចលើផែនការសកម្មភាពរួមរបស់ក្រុមការងារតាមដាន និងវាយតម្លៃគ្រោះរាំងស្ងួតសម្រាប់ខេត្តកំពង់ចាម និងលក្ខណៈវិនិច្ឆ័យនៃសូចរនាករសម្រាប់តាមដាន វាយតម្លៃគ្រោះរាំងស្ងួតខេត្តកំពង់ចាម តាមរយៈការពិភាក្សាស្វែងរកធាតុចូលពីផែនការសកម្មភាព និងលក្ខណៈវិនិច្ឆ័យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្រុង-ស្រុក និងមន្ត្រីជំនាញតាមវិស័យពាក់ព័ន្ធការងារឆ្លើយតបគ្រោះរាំងស្ងួត

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហេង វណ្ណនី បានថ្លែងថា ខេត្ដកំពង់ចាម ជាខេត្ដមួយក្នុងចំណោម ២៥រាជធានី ខេត្ដ ដែលធ្លាប់ទទួលរងគ្រោះមហន្ដរាយ ធម្មជាតិជាញឹកញាប់ បណ្ដាលឲ្យប៉ះពាល់ដល់ការអភិវឌ្ឍនានា ពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ កន្លងមកខេត្តកំពង់ចាម ធ្លាប់បានទទួលរងនូវគ្រោះមហន្តរាយដូចជា៖ ទឹកជំនន់ រាំងស្ងួត ខ្យល់កន្រ្តាក់ បាក់ស្រុតច្រាំងទន្លេ រន្ទះបាញ់ អគ្គីភ័យ និងលង់ទឹកជាដើម បណ្ដាលឲ្យមានការខូចខាតយ៉ាងធ្ងន់ ទាំងហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន ជីវិតមនុស្ស សត្វ និង ដំណាំកសិកម្ម។ អនុលោម តាមច្បាប់ និងគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរបៀបចំធ្វើបច្ចុប្បន្នភាពផែនការ ត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះអាសន្នទឹកជំនន់ និងសម្រាប់ឆ្លើយតបគ្រោះរាំងស្ងួតឆ្នាំ២០២០ និងបានធ្វើការផ្សព្វផ្សាយនៅចុងខែកក្តដាកន្លងទៅ។ ជាមួយគ្នានេះ យន្តការនៃការតាមដាន និងវាយតម្លៃនៃគ្រោះរាំងស្ងួត ដែលត្រូវបង្កើតឲ្យមានក្រុមការងារតាមដានវាយតម្លៃស្ថានភាពគ្រោះរាំងស្ងួត តាមរយៈការប្រមូលទិន្នន័យ និងការវិភាគទិន្នន័យ ត្រូវរៀបចំឲ្យមានផែនការរួមមួយ ដែលកំណត់ជាសកម្មភាពអាទិភាពលំអិតស្របតាមក្ខណៈវិនិច្ឆ័យសម្រាប់ការចាប់ផ្តើមអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារ និងស្របតាមនីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់ការឆ្លើយតបពេលមានគ្រោះរាំងស្ងួត ស្របតាមសៀវភៅផែនការត្រៀមបម្រុងឆ្លើយតបគ្រោះរាំងស្ងួតខេត្ត៕


អត្ថបទ ៖ អាន ដែត