ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយនឹងមន្ត្រីរាជការសាលាខេត្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ


: 2020-09-14 15:45:32

នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២០ នៅសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយនឹងមន្ត្រីរាជការសាលាខេត្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្ត លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត និងនិវត្តន៍ជន ជាអតីតមន្ត្រីរាជការសាលាខេត្ត សរុប ២៧១នាក់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍នូវការកោតសរសើរដល់ថ្នាក់ដឹកនាំក្នុងជួរក្រុមប្រឹក្សា គណៈអភិបាលខេត្ត និងមន្ត្រីរាជការសាលាខេត្ត ដែលមានសាមគ្គីភាពផ្ទៃក្នុង ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយឆន្ទះ មនសិការខ្ពស់ក្នុងការបំពេញការងារជូនរដ្ឋបាលខេត្ត ហើយមន្ត្រីរាជការនៅរដ្ឋបាលខេត្ត ពិតជាមានសមត្ថភាព មានថាមពល ទោះបីមានការកែទម្រង់ មានការផ្លាស់ប្តូររបៀបរបបធ្វើការងារ ក៏មន្ត្រីរបស់រដ្ឋបាលខេត្ត បានបំពេញការងារឲ្យទទួលបានជោគជ័យ។ ជាក់ស្តែងក្នុងអំឡុងនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលមានករណីជំងឺកូវដី១៩ ចំនួន១៦នាក់ ក្នុងខេត្តកំពង់ចាម ដោយសារសាមគ្គីភាពផ្ទៃក្នុង ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រួមគ្នាជាមួយមន្ត្រីរាជការទាំងអស់ បានខិតខំប្រឹងប្រែងដោះស្រាយ សម្របសម្រួលប្រកបដោយជោគជ័យ និងទទួលបានការកោតសសើរពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក។ ជាមួយគ្នានេះមន្ត្រីរបស់យើង មានគំនិតក្នុងការបង្កើតកម្មវិធីថ្មីៗ សម្រាប់បម្រើឲ្យការបំពេញការងារនៅរដ្ឋបាលប្រកបដោយប្រសិទ្ធិភាព។

ឯកឧត្តម សូមឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ សូមបន្តនូវភាពខ្លាំង និងភាពជោគជ័យរបស់យើងទាំងអស់គ្នាក្នុងការងាររបស់រដ្ឋបាលខេត្ត និងត្រូវបន្តពង្រឹងនូវសមត្ថភាពរបស់មន្ត្រីរាជការម្នាក់ៗ តាមរយៈការចូលរួមវត្គបណ្តុះបណ្តាលបន្ត វគ្គបណ្តុះបណ្តាលខ្លីៗ។ សម្រាប់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវ «ឲ្យបី» ដល់មន្ត្រីក្រោមឱវាទរបស់ខ្លួន គឺ៖ «ឲ្យ» មន្ត្រីរាជការក្រោមឱវាទចេះធ្វើការ «ឲ្យ» មន្ត្រីក្រោមឱវាទមានសិទ្ធិធ្វើការសម្រេចចិត្ត និង «ឲ្យ» មន្ត្រីក្រោម មានធនធាន និងមធ្យោបាយសម្រាប់អនុវត្តន៍ការងារ។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានសំដែងនូវការព្រួយបារម្ភ ដោយសារឆ្នាំនេះកម្ពស់ទឹកទន្លេមេគង្គមានកម្ពស់ទឹកទាបជាងបណ្តាលឆ្នាំកន្លងទៅ ដែលអាចប្រឈមនឹងបញ្ហាគ្រោះរាំងស្ងួត ខ្វះទឹកបង្កបង្កើនផល និងផលប៉ះពាល់លើដំណាំកសិកម្ម ក៏មានការខ្វះខាតនូវត្រីទឹកសាបសម្រាប់បរិភោគសម្រាប់ឆ្នាំក្រោយៗ។ ជាមួយគ្នានេះ ក្នុងបរិបទនៃការឆ្លងរីករាលដាលនៃជំងឺកូវី-១៩ ឯកឧត្តម សូមអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងនិវត្តន៍ជន ឲ្យបន្តអប់រំផ្សព្វផ្សាយដល់ក្រុមគ្រួសារ និងបងប្អូនប្រជាពលដ្ឋឲ្យអនុវត្តនូវិធានការអនាម័យ និងវិធានការផ្សេងៗតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ កុំឲ្យមានការឆ្លងរីករាលដាលក្នុងរលកទី២។

គួរបញ្ចាក់ថា៖ ជារៀងរាលឆ្នាំ រដ្ឋបាលខេត្តកំពង់ចាមតែងតែរៀបចំពិធីជួបសំណះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត ២ដងក្នុងមួយឆ្នាំគឺក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងពីធីបុណ្យភ្ជុំបិណ្ឌ។ ក្នុងឱកាសនៃពីធីជួបសំណះសំណាលនេះ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភសម្ភារៈ និងថវិកាមួយចំនួនដល់មន្ត្រីរាជការសាលាខេត្ត និងនិវត្តន៍ជន៕


អត្ថបទ ៖ អាន ដែត