ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម និងឯកឧត្ដម​ ខ្លូត​ ផន​ ប្រធានក្រុម​ប្រឹក្សា​ខេត្ត​ បានអញ្ជេីញ​ដឹកនាំមន្ត្រីជំនាញ​ មន្ទីរ-អង្គភាពពាក់ព័ន្ធ ចុះពិនិត្យ​ស្ថានភាព បាក់ស្រុត លូបង្ហូរទឹកស្អុយ


: 2020-09-14 15:57:45

នៅព្រឹក​ថ្ងៃទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០២០​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម និងឯកឧត្ដម​ ខ្លូត​ ផន​ ប្រធានក្រុម​ប្រឹក្សា​ខេត្ត​ បានអញ្ជេីញ​ដឹកនាំមន្ត្រីជំនាញ​ មន្ទីរ-អង្គភាពពាក់ព័ន្ធ ចុះពិនិត្យ​ស្ថានភាព បាក់ស្រុត លូបង្ហូរទឹកស្អុយ ដែលបណ្តាលឲ្យរងការខូចខាតសួនច្បារមាត់ទន្លេ​ ភូមិទី៣​ សង្កាត់វាលវង់​ ក្រុងកំពង់ចាម។

ក្នុងឱកាសនៃការចុះពិនិត្យឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យជំនាញចុះពិនិត្យសិក្សា និងធ្វើការជួសជុលបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធ ដែលរងផលប៉ះពាល់ ជៀសវាងបង្កគ្រោះថ្នាក់ និងការខូចខាតបន្ថែមទៀតនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅតំបន់ក្បែរនោះបន្ថែមទៀត។

គួរបញ្ជាក់ថា៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០​ វេលាម៉ោង១២​:៣០នាទី រំលងអាធ្រាត្រ​ មានភ្លៀងមួយមេធំ បណ្តាលឲ្យបាក់លូ​ បង្ហូរទឹកស្អុយ​ ចូលទន្លេទំហំ​ ៧ម៉ែត្រ គុណ១០ម៉ែត្រ នៅចំណុចមាត់ទន្លេ និងបណ្តាលឲ្យធ្លាក់ម៉ូតូ០១គ្រឿង ម៉ាកវេវ​ និងមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕


អត្ថបទ ៖ អាន ដែត