អភិបាលខេត្តកំពង់ចាម ស្នើឲ្យអាជ្ញាធរ សមត្ថកិច្ច និងស្ថាប័នជំនាញ យកចិត្តទុកដាក់ បន្តការផ្សព្វផ្សាយសារអប់រំ អំពីវិធានការបង្ការទប់ស្កាត់ ការឆ្លងរីករាលដាល នៃជម្ងឺ កូវីដ ១៩ ទៅដល់ប្រជាពលរដ្ឋ


: 2020-05-07 09:31:40

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ស្នើឲ្យអាជ្ញាធរ សមត្ថកិច្ច ក្នុងមូលដ្ឋាន និងស្ថាប័នជំនាញ យកចិត្តទុកដាក់ បន្តការផ្សព្វផ្សាយសារអប់រំ អំពីវិធានការ បង្ការទប់ស្កាត់ ការឆ្លងរីករាលដាល នៃជម្ងឺ កូវីដ ១៩ ទៅដល់ប្រជាពលរដ្ឋបន្តទៀត ធ្វើយ៉ាងណា បញ្ជៀសការផ្ទុះឡើង នៃជម្ងឺកូវីដ ១៩ ចូលក្នុងរលកទី២ ខណៈដែល ជម្ងឺមួយនេះ កំពុងគម្រាមកំហែងសាជាថ្មី នៅក្នុងប្រទេសមួយចំនួន ក្នុងពិភពលោកនោះ ។ ការលើកឡើងនេះ ធ្វើឡើង ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាលើកទី១២ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ចាម ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើចូលរួមពី ឯកឧត្ដម លោកជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សា និងឯកឧត្ដម លោកជំទាវ ជាអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព ស្ថាប័ន ជុំវិញខេត្ត ព្រមទាំង មន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត ផងដែរ ។

ឯកឧត្ដម អ៊ុន ចាន់ដា មានប្រសាសន៍ថា ថ្វីត្បិតតែ មកដល់បច្ចុប្បន្ននេះ ស្ថានភាព នៃការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ នៅក្នុងក្របខណ្ឌប្រទេសកម្ពុជា មានការថមថយបន្តិច និងដោយឡែក នៅក្នុងខេត្តកំពង់ចាម អ្នកជម្ងឺ ចំនួន ១៦នាក់ បានព្យាបាលជាសះស្បើយ អស់ហើយក្ដី  តែយើងនៅតែព្រួយបារម្ភ ជានិច្ច ពីព្រោះថា វីរុស ដ៏កាចសាហាវមួយនេះ មិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ ។ ដូច្នេះ បើសិនជាយើង មានការធ្វេសប្រហែសតែបន្តិច នោះវានឹងមានហានិភ័យខ្ពស់ ក្នុងការចម្លង ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត ក្នុងរលកទី២ ដូចនៅប្រទេសសឹង្ហបូរី នាបច្ចុប្បន្ននេះ ជាឧទាហរណ៍ស្រាប់ ។ តាមរយៈនេះ ស្នើឲ្យអាជ្ញាធរគ្រប់ សមត្ថកិច្ច ក្នុងមូលដ្ឋាន និងស្ថាប័នជំនាញ នៅតែបន្តធ្វើការផ្សព្វផ្សាយសារអប់រំ អំពីវិធានការ បង្ការទប់ស្កាត់ ការឆ្លងរីករាលដាល នៃជម្ងឺ កូវីដ ១៩ នេះ ជាបន្ត ទៀត ដើម្បី ឲ្យបងប្អូនប្រជាពលរដ្ឋយើង បន្តអនុវត្តគម្លាតសុវត្ថិភាពបុគ្គល និងគម្លាតសុវត្ថិភាពសង្គម ព្រមទាំង ធ្វើអនាម័យ ជាប្រចាំ ឲ្យបានគ្រប់ៗគ្នា ពោលគឺ ការយកចិត្តទុកដាក់ បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ។ ទន្ទឹមនឹងនោះដែរ អាជ្ញាធរ នៅតែបន្តការគ្រប់គ្រងពលករ នៅក្រៅប្រទេស ដែលចូលមករស់នៅក្នុងខេត្តកំពង់ចាម ។ ជាក់ស្ដែង តួលេខមកដល់បច្ចុប្បន្ននេះ គឺមានចំនួន ៣.១០៤នាក់ ក្នុងនោះ ៣.០២៦នាក់ យើងក៏បានធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ រួចមកហើយដែរ  ហើយក្រៅពីនោះ យើងក៏កំពុងបន្តធ្វើចត្តាឡីស័ក ជាបន្តទៀត ផងដែរ ។ ទន្ទឹមជាមួយនោះ យើងនៅតែបន្តការពិនិត្យសុខភាពជូនកម្មករ កម្មការិនី នៅតាមរោងចក្រ សហគ្រាស នៅក្នុងទូទាំងខេត្តកំពង់ចាម ជាបន្តទៀត ដើម្បី រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាល នៃជម្ងឺកូវីដ ១៩ នៅប្រទេសកម្ពុជា ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏ដូចជា សប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាកនូវធនធានផ្ទាល់ខ្លួន ដើម្បី គាំទ្រដល់មូលនិធិ កូវីដ ១៩ នៅក្នុងខេត្តកំពង់ចាម នាពេលកន្លងមក ផងដែរ ។

គូសបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះ លើកយករៀបវារៈសំខាន់ៗ ចំនួន ៤ គឺ ៖ ១.ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សា ។ ២.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍ ស្ដីពីការអនុវត្តការងារ ប្រចាំខែមេសា និងលើកទិសដៅប្រចាំខែឧសភា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត ។ ៣.ពិនិត្យពិភាក្សា និងអនុម័តសេចក្ដីព្រាង ស្ដីពីការរៀបចំផែនការក្របខ័ណ្ឌ សម្រាប់ឆ្នាំ២០២១ របស់មន្ទីរសុខាភិបាលខេត្ត នៃរដ្ឋបាលខេត្ត ។ ៤.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងផែនការលទ្ធកម្ម កែតម្រូវប្រចាំឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត ៕ សារ៉ាត

 


អត្ថបទ ៖ Administrator