ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលរងនៃគណៈអភិបាលស្រុកចំការលើ


: 2020-11-20 21:59:53

នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាស្រុកចំការលើ ឯកឧត្តម កៅ សុខអាន អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលរងនៃគណៈអភិបាលស្រុកចំការលើ។ ក្នុងកម្មវិធីនេះ មានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការធនធានមនុស្សសាលាខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកំលាំងទាំងបី លោកមេឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ នាយកវិទ្យាល័យទាំងបី នាយកអនុវិទ្យាល័យក្នុងស្រុក និងមន្ត្រីរាជការសាលាស្រុក សរុបចំនួន៧៥នាក់។

ឯកឧត្តម កៅ សុខអាន អភិបាលរងខេត្ត បានលើកឡើងថា ក្នុងនាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងក្នុងនាមខ្លួនឯកឧត្តមផ្ទាល់ ឯកឧត្តម សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលស្រុកចំការលើ មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ដែលបានយកចិត្តទុកដាក់ចូលរួមអនុវត្តវិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត ដោយត្រូវបំពេញកិច្ចការសាធារណៈគ្រប់វិស័យ រួមទាំងការអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ការធានាថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់ជីវភាពប្រជាជន និងការផ្តល់សេវាសាធារណៈចាំបាច់នៅមូលដ្ឋានជូនប្រជាជន។

ឯកឧត្តមអភិបាលរងខេត្ត មានប្រសាសន៍ផ្ដាំផ្ញើ ដល់លោកអភិបាលរងស្រុក ដែលទើបនឹងទទួលតែងតាំង ត្រូវ​ខិតខំយកចំណេះដឹងដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ត្រូវខិតខំប្រឹងប្រែង សិក្សា ស្រាវជ្រាវអំពីលិខិតបទដ្ឋានគតិយុត្តបន្ថែមទៀត និងត្រូវសិក្សារៀនសូត្រពីថ្នាក់ដឹកនាំ ត្រូវមានទំនាក់ទំនងល្អ និងកិច្ចសហការជាមួយថ្នាក់ដឹកនាំ និងនៅតាមរដ្ឋបាលដែនដីស្រុក ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវរៀបចំបែងចែកតួនាទី ភារកិច្ចជូនគាត់ ដើម្បីបន្តនិរន្តរភាពការងារ ត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះកិច្ចការងាររបស់ខ្លួន និងជាពិសេសការចុះមូលដ្ឋានដោយមិនប្រកាន់និន្នាការនយោបាយ ត្រូវស្តាប់ការណែនាំ ការទូន្មាន និងត្រូវចេះគោរពពីរៀមច្បង និងថ្នាក់ដឹកនាំ ត្រូវមានឆន្ទៈ ម៉ឺងម៉ាត់ ម៉ត់ចត់ ម្ចាស់ការ និងមានគំនិតច្នៃប្រឌិត ចេះបត់បែន ត្រូវត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើឱ្យមានការរីកចម្រើនដល់អង្គភាពរបស់ខ្លួន។

យោងប្រកាសលេខ៤២៩១ ប្រក ចុះថ្ងៃទី០៤ វិច្ឆិកា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្ដីពីការតែងតាំងមន្ត្រីរាជការ ត្រូវបានតែងតាំងលោក ប៊ិន ជីវ័ន្ដមុន្នីរៈ ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ ឲ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលស្រុកចំការលើ ខេត្តកំពង់ចាម៕


អត្ថបទ ៖ អាន ដែត