ក្រុមអ្នកជំនាញស្ម័គ្រចិត្តអង្គការសង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះបាញ់ថ្នាំសម្លាប់មេរោគ នៅខេត្តកំពង់ចាម ចំនួន ០៥ទីតាំង


: 2020-05-10 17:02:45

នៅថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២០
ក្រុមអ្នកជំនាញស្ម័គ្រចិត្តអង្គការសង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះបាញ់ថ្នាំសម្លាប់មេរោគ នៅខេត្តកំពង់ចាម ចំនួន ០៥ទីតាំង ក្នុងនោះ៖
   -ទីតាំងទី១ នៅវិហារឥស្លាម នៅភូមិស្វាយតាហែន ឃុំរកាគយ ស្រុកកងមាស ជាទីកន្លែងដែលជនជាតិម៉ាឡេស៊ី ធ្វើពិធីសាសនានៅទីនោះ។
   -ទីតាំងទី២ វិហារឥស្លាម និងតាមផ្ទះប្រជាពលដ្ឋ នៅភូមិសាច់សូរ ឃុំពាមជីកង ស្រុកកងមាស ជាទីកន្លែងដែលរកឃើញបុរសជនជាតិខ្មែរ០១រូប បានឆ្លងវីរុសកូវីដ១៩ និងជនជាតិម៉ាឡេស៊ី ៨រូប មានផ្ទុកវីរុសកូវីដ១៩ ដែលមកស្នាក់នៅបណ្តោះអាសន្ន ដើម្បីធ្វើពិធីសាសនានៅទីនោះ។
  -ទីតាំងទី៣ នៅសណ្ឋាគាមេគង្គដែលជាទីកន្លែងសម្រាប់ដាក់ឲ្យនៅដាច់ដោយឡែកសម្រាប់អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ១៩។
   -ទីតាំងទី៤ នៅចំណតរថយន្ត ផ្សារកំពង់ចាម
   -ទីតាំងទី៥ នៅមន្ទីរពេទ្យខេត្តកំពង់ចាម ដែលជាទីតាំងព្យាបាលអ្នកជម្ងឺកូវីដ១៩។
    តាមការណែនាំរបស់ក្រុមស្ម័គ្រចិត្តអង្គការសង្គ្រោះមេឃពណ៌ខៀវចិន បានឱ្យដឹងថា មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋ នៅលើផ្ទះ ឬបុគ្គលិក នៅតាមបន្ទប់ធ្វើការ ក្នុងអំឡុងពេលបាញ់ថ្នាំឡើយ និងត្រូវទុករយ:ពេលពី ២០ទៅ ៣០នាទី ទើបអាចចូលផ្ទះ ឬធ្វើការងារវិញបាន ។
     ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ បានទទួលស្វាគមន៌យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន, ក្រុមអ្នកជំនាញស្ម័គ្រចិត្តអង្គការសង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានមកជួយបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជម្ងឺកូវីដ១៩ នៅខេត្តកំពង់ចាម។

គួរបញ្ចាក់ដែរថា ខេត្តកំពង់ចាម បានរកឃើញអ្នកផ្ទុកវីរុសកូវីដ១៩ ចំនួន១៦រូប (ខ្មែរ ១រូប អង់គ្លេស៥រូប, អាមេរិច២រូប និងម៉ឡេស៊ី៨រូប) ដែលបច្ចុប្បន្ន អ្នកទាំង១៦នាក់ បានជាសះស្បើយនិងត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនៗវិញ ។

 


អត្ថបទ ៖ អ៊ឹង ទី