ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញទទួលថវិកាវិភាគទានពីសមាជិកភាពនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម សម្រាប់ឆ្នាំ ២០២០


: 2021-02-17 21:31:18

នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញទទួលថវិកាវិភាគទានរបស់សមាជិកភាពឆ្នាំ២០២០ ចំនួន ២១,៧០៥,០០០រៀល (ម្ភៃមួយលានប្រាំពីររយប្រាំពាន់រៀល) របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត ដែលមានសមាជិកសរុប ១៧៨៥ នាក់ស្រី ២៥០នាក់ សម្រាប់ជាមូលនិធិទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ដែលមានឯកឧត្តម ហ៊ុន ណេង ជាប្រធានកិត្តិយស ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះក្នុងខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា បានវាយតម្លៃខ្ពស់ និង ចាត់ទុកថា នេះជាទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃ របស់មន្ត្រីនគរបាលគ្រប់ថ្នាក់ ដែលបានចូលរួម ផ្តល់វិភាគទានសមាជិកភាព ដល់សាខាខេត្ត សម្រាប់ជាមូលនិធិ ជួយទ្រទ្រង់សកម្មភាព សាខា ក្នុងការជួយអន្តរាគមន៍ ដោះស្រាយសម្រាលទុក្ខលំបាក របស់ជនរងគ្រោះ និង ងាយរងគ្រោះ ដែលរងគ្រោះ ដោយមហន្តរាយធម្មជាតិ និង ឧបទ្ទវហេតុផ្សេងៗ បានទាន់ពេលវេលា៕


អត្ថបទ ៖ អាន ដែត