លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានចូលរួមពលកម្ម សំអាតអនាម័យ បរិស្ថាន ក្នុងបរិវេណប្រាសាទវត្តនគរបាជ័យ


: 2021-02-18 17:24:30

ដើម្បីអបអរសាទរខួបទី៦៦ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា ( ១៨ កុម្ភៈ ១៩៥៥ - ១៨ កុម្ភៈ ២០២១ ) នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកក្រហមកម្ពុជាខេត្តកំពង់ចាម បានរួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរ-អង្គភាពជុំវិញខេត្ត សាលាស្រុកកំពង់សៀម និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់សៀម រួមជាមួយយុវជនកាកបាទក្រហមកម្ពុជា សរុបប្រមាណ ១០០នាក់ បានចូលរួមពលកម្ម សំអាតអនាម័យ បរិស្ថាន ក្នុងបរិវេណប្រាសាទវត្តនគរបាជ័យ ស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម ។

លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខា បានជម្រាប ជូន ពីប្រវត្តិនៃកំណើតកាកបាទក្រហមកម្ពុជា ដែលបច្ចុប្បន្ ជាសមាជិកទី ៨៥ នែសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម អឌ្ឍចន្ទក្រហម។ រយៈពេល ៦៦ឆ្នាំ ក្រោយការបង្កើត ពិសេសរយៈពេល ២៣ឆ្នាំ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សមាគមជាតិ កាកបាទក្រហមកម្ពុជា ក្នុងនាមជាសេនាធិការអោយរាជរដ្ឋាភិបាលកម្ពុជា បានពុះពារគ្រប់ការលំបាកទាំងឡាយ ប្រកបដោយការប្តេជ្ញាចិត្តដ៏មុះមុត ហើយបំពេញបេសកកម្មមនុស្សធម៎ដោយជោគជ័យជាបន្តបន្ទាប់ ក្នុងការជួយសង្រ្គោះ ជួយដោះស្រាយសម្រាលទុក្ខលំបាក របស់ជនរងគ្រោះ និងជនងាយរងគ្រោះ បានទាន់ពេលវេលា ដោយគ្មានការរើសអើង។

ដើម្បីឧទ្ទិសដល់ខួបគម្រប់ ៦៦ឆ្នាំ របស់កាកបាទក្រហមកម្ពុជា យើងខ្ញុំទាំងអស់គ្នា ប្តេជ្ញាចិត្តពង្រឹង សមត្ថភាព ការដឹកនាំ និងចូលរួម ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្លាយជាប្រតិបត្តិករឈានមុខ ក្នុងការទប់ស្កាត់ជាមុន ត្រៀមបង្ការកាត់បន្ថយហានិភ័យទាំងឡាយ កសាងភាពធន់មាំ ដែលនឹងជួយអោយមានការផ្លាស់ប្តូរជាវិជ្ជមាន ក្នុងជីវភាពរស់នៅ របស់ជនងាយរងគ្រោះ និងជួយសង្រ្គោះអាយុជីវិត បានកាន់តែប្រសើរជាងមុន ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ធានាបានការពង្រឹងកិត្តិនាម កិត្យានុភាព កាកបាទក្រហមកម្ពុជា ជាសមាគមជាតិ នាំមុខគេ ក្នុងវិស័យមនុស្សធម៌៕


អត្ថបទ ៖ អាន ដែត