ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រឆាំងនឹងជំងឺកូវីដ-១៩ បានអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្តនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម


: 2021-03-09 21:24:21

នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រឆាំងនឹងជំងឺកូវីដ-១៩ បានអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្តនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម ដែលបានទទួលបងប្អូនពលករចំណូលស្រុកមកពីប្រទេសថៃ និងអ្នកពាក់ព័ន្ធព្រឹត្តិការណ៍២០-កុម្ភៈ ធ្វើធ្វើចត្តាឡីស័ក ដើម្បីតាមដានសុខភាព និងយកសំណាកទៅពិនិត្យ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានអំពាវនាវដល់បងប្អូនដែលកំពុងធ្វើចត្តាឡឺស័កនៅទីនេះឱ្យអនុវត្តខ្ជាប់ខ្ជួននូវវិធានការអនាម័យ តាមការណែនាំរបស់មន្ត្រីសុខាភិបាលនៅទីនេះ និងតាមដានការប្រែប្រួលនៃសុខភាពរបស់បងប្អូន ដោយត្រូវរាយការណ៍ជាបន្ទាន់ទៅដល់មន្ត្រីសុខាភិបាលដែលប្រចាំការនៅទីនេះ។ ឯកឧត្តមបានបញ្ជាក់ថា ក្នុងករណីដែលមានការបញ្ជាក់ច្បាស់អំពីលទ្ធផលសំណាករបស់បងប្អូន ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ថាមិនមានករណីកូវីដ-១៩ទេ រដ្ឋបាលខេត្តនឹងអនុញ្ញាតឱ្យបងប្អូនវិលត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ។ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើរដល់បងប្អូននៅទីនេះ នៅពេលដែលត្រឡប់ទៅលំនៅដ្ឋានវិញ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រូវចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងអនុវត្តនូវវិធានការការពារ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តនូវវិធានការ «៣ការពារ និងបីកុំ» ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍របស់បងប្អូន ឱ្យជៀសផុតពីការឆ្លងរីករាតត្បាតនៃជំងឺកូវីដ-១៩៕

សូមបញ្ជាក់ថា៖ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំមណ្ឌលចត្តាឡីស័ក ចំនួន ០២កន្លែង៖ នៅសណ្ឋាគារមេគង្គ និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម និងកន្លែងសម្រាកព្យាបាលអ្នកផ្ទុកវីរុសកូវីដ-១៩ ចំនួន ១កន្លែង ស្ថិតនៅក្នុងមន្ទីរពេទ្យខេត្ត ដែលគិតត្រឹមថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ មានបងប្អូនពលករ មកពីប្រទេសថៃ និងអ្នកពាក់ពន្ធ័ព្រឹត្តិការណ៍២០-កុម្ភៈ កំពុងធ្វើចត្តឡីសក័ ក្នុងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម ចំនួន៩៨នាក់ និងនៅសណ្ឋាគារមេគង្គចំនួន ៨៥នាក់៕


អត្ថបទ ៖ អាន ដែត