ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំប្រជុំដើម្បីរៀបចំមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុក ក្នុងខេត្តកំពង់ចាម


: 2021-03-12 20:52:09

នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំប្រជុំដើម្បីរៀបចំមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុក ក្នុងខេត្តកំពង់ចាម ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកអភិបាលលក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំទីតាំងមណ្ឌលចត្តាឡីស័ក មានចំនួន២កន្លែង ស្ថិតនៅក្នុងក្រុងកំពង់ចាម ក្នុងនោះ ៖ នៅសណ្ឋាគារមេគង្គ មានចំនួន ៧១បន្ទប់ ស្មើនឹង ១៤២គ្រែ និងនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម មាន ចំនួន ៣អាគារធំៗ និងមាន ចំនួន ៨៩បន្ទប់ ស្មើនឹង ៤៤៣គ្រែ។ ដើម្បីបង្កើនលទ្ធភាព ក្នុងបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ឯកឧត្តម អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដាក់ចេញនូវវិធានការដល់រដ្ឋបាលក្រុង-ស្រុក រៀបចំមណ្ឌលចត្តាឡីស័កនៅតាមមូលដ្ឋាន ដើម្បីត្រៀមលក្ខណៈជាស្រេចក្នុងការងារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ហើយ រដ្ឋបាលក្រុង-ស្រុក ត្រូវបន្តយកចិត្តទុកដាក់អប់រំផ្សព្វផ្សាយអំពីវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការការពារជំងឺកូវីដ-១៩ "៣កុំ និង៣ការពារ"៕


អត្ថបទ ៖ អាន ដែត