ឯកឧត្តមអភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យការត្រៀមរៀបចំមណ្ឌលចត្តាឡីស័ក តាមបណ្ដាលស្រុក និងទីតាំងសម្រាប់បូជាសពអ្នកដែលបានស្លាប់ដោយសារកូវីដ-១៩


: 2021-03-16 09:14:16

នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យការត្រៀមរៀបចំមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាលស្រុកចំការលើ ព្រៃឈរ ជើងព្រៃ ស្រុកបាធាយ និងទីតាំងសម្រាប់បូជាសព អ្នកដែលបានស្លាប់ដោយសារកូវីដ-១៩ នៅវត្តជោតនារាមបឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំ ដល់រដ្ឋបាលស្រុកទាំងអស់ ត្រូវពិនិត្យរកពីទីតាំងសមរម្យ ជៀសវាងប៉ះពាល់ ដល់ការសិក្សារៀនសូត្រ របស់ក្មួយៗសិស្សានុសិស្ស និងត្រូវរៀបចំកែលម្អ និងបំពេញបន្ថែម នៅផ្នែកដែលខ្វះខាត ដូចជាប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹកស្អាត បន្ទប់ទឹក បន្ទប់អនាម័យ ដោយធ្វើយ៉ាងណា បានបង្កលក្ខណៈងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ អាចស្នាក់នៅ ក្នុងអំឡុងពេលធ្វើចត្តាឡីស័កផងដែរ ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានបន្តដំណើរអញ្ជើញចុះពិនិត្យកន្លែងត្រៀមសម្រាប់បូជាសព ដែលស្លាប់ដោយសារកូវីដ-១៩ នៅវត្តជោតនារាមបឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម និងបានចាត់ឯកឧត្តមអភិបាលរងខេត្ត ដឹកនាំថ្នាក់ដឹកនាំខ្មែរ-ឥស្លាម និងមន្ត្រីជំនាញ រួមជាមួយអាជ្ញាធរស្រុក ចុះពិនិត្យទីតាំងបូជាសពប្រជាពលរដ្ឋខ្មែរឥស្លាម ក្នុងករណីមានអ្នកស្លាប់ដោយសារជម្ងឺកូវីដ-១៩ នៅភូមិឈើទើត ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់។

គូសបញ្ជាក់ថា អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានធ្វើការណែនាំ ដល់រដ្ឋបាលស្រុកនីមួយៗ ដើម្បីរៀបចំមណ្ឌលចត្តាឡីស័ក ដើម្បីត្រៀមលក្ខណៈជាស្រេច ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩។ ទន្ទឹមនឹងនោះ ការត្រៀមមករៀបចំមណ្ឌលចត្តាឡឺស័ក របស់រដ្ឋបាលស្រុក នាពេលនេះ គឺជាការត្រៀមលក្ខណៈ ក្នុងករណីដែលមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាលខេត្ត មានចំនួនអ្នកពាក់ព័ន្ធ និងអ្នកសង្ស័យ ករណីកូវីដ ១៩ មកធ្វើចត្តាឡីស័ក លើសពីចំនួននៃការត្រៀមទុករបស់រដ្ឋបាលខេត្តនោះ ។

គួររំលឹកថា រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាលខេត្ត ចំនួន ២កន្លែង គឺ ÷ ១.នៅសណ្ឋាគារមេគង្គ និង ២.នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ដែលមានចំនួន ២៦០បន្ទប់ ស្មើនឹង ៥៨៥គ្រែ។ បន្ថែមពីនេះ នៅតាមបណ្តាស្រុកនីមួយៗ បានត្រៀមទីតាំង សម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័ក ផងដែរ ក្នុងនោះ៖

-នៅស្រុកចំការលើ បានត្រៀម ៣កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័ក ប្រមាណ ២៥០នាក់

-នៅស្រុកព្រៃឈរ បានត្រៀម ០១កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ៦០នាក់

-ស្រុកជើងព្រៃ បានត្រៀម ០១កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ៨០នាក់

-នៅស្រុកបាធាយ មាន០១ទីតាំង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ៦០នាក់

-ស្រុកកំពង់សៀម បានត្រៀម ០១កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ៥០នាក់

-ស្រុកកងមាស បានត្រៀម ០២កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ៧០នាក់

-ស្រុកស្រីសន្ធរ បានត្រៀម ០១កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ២០នាក់

-ស្រុកកោះសូទិន បានត្រៀម ០២កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ៣០នាក់

-ស្រុកស្ទឹងត្រង់ បានត្រៀម ០១កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ២០នាក់


អត្ថបទ ៖ អាន ដែត