ឯកឧត្ដមអ៊ុន ចាន់ដា ចូលរួមជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយលិខិតបទដ្ឋានសម្រាប់ដំណើរការមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងបូកសរុបលទ្ធផលការងារសុខាភិបាលខេត្តកំពង់ចាមឆ្នាំ២០១៩ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២០


: 2020-06-11 20:30:12

នារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត បានអញ្ជើញចូលរួមប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានសម្រាប់ដំណើរការមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងបូកសរុបលទ្ធផលការងារសុខាភិបាលខេត្តកំពង់ចាមឆ្នាំ២០១៩ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២០ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម វាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល មន្ត្រីរាជការគ្រប់ថ្នាក់ ក្នុងរយៈពេលមួយឆ្នាំកន្លងដែលសម្រេចលទ្ធផលការងារជូនមន្ទីរសុខាភិបាលខេត្ត ប្រកបដោយភាពអត់ធ្មត់ និងសុទិដ្ឋិនិយម។ ទន្ទឹមនឹងលទ្ធផលជោគជ័យដែលសម្រេចបាននេះ មន្ទីរសុខាភិបាលត្រូវបន្តខិតខំពុះពារអភិវឌ្ឍន៍ ពង្រឹងគុណភាពការងារឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន អង្គការដៃគូរអភិវឌ្ឍន៍នានា សំដៅកែលម្អឈានឡើងលើគ្រប់ផ្នែកជាពិសេស និងជាអាទិ៍ គឺត្រូវបន្តបង្កើនគុណភាពសេវាមន្ទីរពេទ្យ ដោយផ្អែកលើគោលការណ៍ផ្តល់សេវាប្រកប ដោយសមធម៌ជូនដល់ប្រជាពលរដ្ឋ។

ឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំ និងផ្តាំផ្ញើរ ដល់មន្ទីរសុខាភិបាល អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ និងអ្នកពាក់ព័ន្ធទាំងអស់

-មន្ទីរសុខាភិបាល ត្រូវបន្តយកចិត្តទុកដាក់ត្រួតពិនិត្យ ពង្រឹង និងលើកកម្ពស់ការគ្រប់គ្រងសេវាសុខាភិបាល(ទាំងរដ្ឋ និងឯកជន)ក្នុងខេត្ត។

-មន្ទីរសុខាភិបាល ត្រូវប្រែក្លាយមូលដ្ឋានសេវាសុខាភិបាលទាំងអស់ ក្នុងខេត្តឲ្យក្លាយជាបង្អែកនៃសេវាធានារ៉ាប់រងសុខភាព ជូនប្រជាពលរដ្ឋជាពិសេសទារក កុមារ ស្ត្រីមាន ផ្ទៃពោះ និងចាស់ជរា។

-មន្ទីរសុខាភិបាល ត្រូវចាប់ផ្តើមការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនលើការគ្រប់គ្រង ការចាត់ចែង និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋក្នុងខេត្តប្រកបដោយការទទួលខុសត្រូវ មានប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាពស្របតាមគោលការណ៍បែបបទ និងនីតិវិធីថ្មីៗដូចបានកំណត់ ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការផ្ទេរមុខងារ ក្នុងវិស័យសុខាភិបាលមកឲ្យរដ្ឋបាលខេត្ត។

-រដ្ឋបាលក្រុង-ស្រុក ត្រូវបន្តពង្រឹងការគ្រប់គ្រងនៅរដ្ឋបាលក្រុង-ស្រុក និងបន្តពង្រឹងការអនុវត្តមុខងារ និងភារកិច្ចក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលក្រុង-ស្រុក ដែលទទួលបានការផ្ទេរនូវមុខងារតាមវិស័យនានា និងការធ្វើសមាហរណកម្មការិយាល័យជំនាញរបស់ក្រសួង ស្ថាប័ននៅថ្នាក់ក្រុង-ស្រុក។

-រដ្ឋបាលឃុំ-សង្កាត់ ត្រូវបន្តចុះអប់រំ ផ្សព្វផ្សាយអំពីអនាម័យ និងវិធានការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

-រដ្ឋបាលឃុំ-សង្កាត់ ត្រូវបន្តផ្សព្វផ្សាយ

ពង្រឹង ការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព។

-រដ្ឋបាលឃុំ-សង្កាត់ ត្រូវបន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់ លុបបំបាត់ភាពអសកម្មទាំងឡាយ ពិសេស បម្រើសេវាសាធារណៈឲ្យកាន់ល្អប្រសើរឡើង៕


អត្ថបទ ៖ អ៊ឹង ទី