ឯកឧត្តម អ៊ុន ចាន់ដា នាំយកនូវចង្ហាន់ ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃ នៅវត្តភ្នំជ័យគិរី ដើម្បី ថ្វាយព្រះរាជកុសល ដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ ៨៤ យាងចូល ៨៥ព្រះវស្សា


: 2020-06-13 19:10:13

ដើម្បី ថ្វាយព្រះរាជកុសល ដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ ៨៤ យាងចូល ៨៥ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ខាងមុខនេះ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ នេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ ជាភរិយា និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយ ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត និងថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិ  ព្រមទាំង អនុសាខាស្រុក បានអញ្ជើញនាំយកនូវចង្ហាន់ ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃនៅវត្តភ្នំជ័យគិរី ហៅភ្នំហាន់ជ័យ ក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម ។

         នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានអាននូវសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដោយមានមានសេចក្ដីថា តាំងនាមឲ្យគណៈកិត្តិយស សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិ យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទ ក្រហមកម្ពុជា ទូទាំងខេត្តកំពង់ចាម  សូមសម្តែងនូវកត្តញ្ញូតាធម៌ ដ៏ស្មោះស្ម័គ្របំផុត ចំពោះ ព្រះគុណូបការៈដ៏ឧត្តុង្គឧត្តម និងទឹកព្រះទ័យ ប្រកបដោយព្រះព្រហ្មវិហារធម៌ របស់ព្រះអង្គ ដោយបានលះបង់ព្រះកាយ ពល បញ្ញាញាណ និងព្រះរាជទ្រព្យផ្ទាល់ របស៎ទ្រង់ ក្នុងវិស័យសង្គមកិច្ច មនុស្សធម៌ សុខុមាលភាព និងយាងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លង នៃជម្ងឺកូវីដ ១៩ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ជាកូន ចៅ ចៅទួតរបសព្រះអង្គ ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍន៍ ។ ទូលព្រះបង្គំ ជាខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួង ដល់វត្ថុស័ក្តសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី ទេព្តារក្សាព្រះមហាស្វេតច្ឆ័ត្រ បុណ្យបារមីដួងព្រះវិញ្ញាណក្ខន្ធ នៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ  ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម គោរាគៈទេវី សូមយាងតាមអភិបាល ប្រោះព្រំថ្វាយព្រះសព្ទសាធុកាពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខគ្រប់ប្រការ ថ្វាយសម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សិហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន  និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បី គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្រ្ត ជាកូនចៅ ចៅទួត របស់ព្រះអង្គ ជារៀងដរាបតទៅ ។

        គួរបញ្ជាក់ដែរថា ពិធីខាងលើ ក៏បាននិមន្តព្រះសង្ឃ ៧អង្គ សូត្រពុទ្ធជ័យមង្គល ចម្រើនព្រះបរិត្ត ទៅតាមកិច្ចសាសនា ផងដែរ ។

នាឱកាសនោះដែរ ឯកឧត្តម អ៊ុនចាន់ដា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ បានអញ្ជើញ វេរភត្តហារ ប្រគេនព្រះសង្ឃទាំង ៧អង្គ ដោយ ១អង្គៗមាន ៖ ចង្ហាន់ ១ស្រាក់ ផ្លែឈើ ១កន្ត្រក សាដក ១សម្រាប់ និងបច្ច័យចំនួន ៥ម៉ឺនរៀល ។ ដោយឡែក ព្រះចៅអធិការវត្ត បច្ច័យ ២០ម៉ឺនរៀល ។ ក្រៅពីនោះយាយជី តាជី ៨៥នាក់  ម្នាក់ៗថវិកា ចំនួន ២០.០០០រៀល ។ ក្រៅពីនោះ ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ បានប្រគេន វត្តភ្នំជ័យគិរី នូវ ៖ អង្ករ ២៥០គក្រ  មីជាតិ ១០កេស ត្រីខ ១២០កំប៉ុង ទឹកក្រូច ១០កេស ទឹកសុទ្ធ ១០កេស និងបច្ច័យចំនួន ១លានរៀល ផងដែរ​ ៕ សារ៉ាត


អត្ថបទ ៖ អ៊ឹង ទី