អភិបាលខេត្តកំពង់ចាម សម្រេចបន្តការសាងសង់អាគាររដ្ឋបាលថ្មី ជាបន្តទៀត ដើម្បីទុកកន្លែងដល់មន្រ្តីបំពេញការងារ បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ


: 2020-06-19 22:45:40

នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត អមដំណើរដោយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការក្រោមឱវាទ បានអញ្ជើញបួងសួងសូមពរសេចក្ដីសុខចម្រើន ពីម្ចាស់ទឹក ម្ចាស់ដី ដើម្បី កសាងបន្តអគាររដ្ឋបាលថ្មី របស់សាលាខេត្តកំពង់ចាម ក្រោយពីបានផ្អាកការសាងសង់មួយរយៈនាពេលកន្លងទៅ ។

នាឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា និងមន្ត្រីក្រោមឱវាទ បានអញ្ជើញអុចធូបបួងសួងសូមពរ សេចក្ដីសុខពី រូបសំណាកព្រះអង្គខ្មៅ ក៏ដូចជាបារមី វត្ថុស័ក្ដិសិទ្ធទាំងអស់ ដែលបីបាច់ថែរក្សាសាលាខេត្តទាំងមូល សូមឲ្យកិច្ចដំណើរការសាងសង់បន្ត នូវអគារដ្ឋបាលថ្មី ប្រព្រឹត្តទៅប្រកបដោយសេចក្ដីសុខ សេចក្ដីចម្រើន និងសម្រេចលទ្ធផលជោគជ័យ ទៅតាមការគ្រោងទុក ។   

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ដោយមើលឃើញ ពីការលំបាករបស់មន្ត្រី ដែលកំពុងបម្រើការងារនៅសាលាខេត្ត ក៏ដូចជា ការផ្តល់នូវទីកន្លែងសមរម្យ សម្រាប់មន្ត្រីបំពេញការងារប្រចាំថ្ងៃ ក្នុងការបម្រើសេវាសាធារណៈ ដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន ដែលមកទទួលសេវាសាធារណៈ នៅសាលាខេត្តនោះ គណៈអភិបាល បានឯកភាព និងអនុញ្ញាតឲ្យបន្តការសាងសង់ អគាររដ្ឋបាលថ្មីនេះ ឡើងវិញ ជាបន្តទៀត ។

សូមបញ្ជាក់ ផងដែរថា គម្រោងសាងសង់ អាគាររដ្ឋបាលសាលាខេត្ត សង់ឡើងពីគ្រោងបេតុងអាម៉េ ជញ្ជាំងរៀបឥដ្ឋ និងតំបូលប្រក់ក្បឿង ដែលមានទំហំបណ្តាយ ៥៣,២៥ម៉ែត្រ គុណ ទទឹង ២៤ម៉ែត្រ និងកម្ពស់ ២៤,៥៧ម មានទីតាំងក្នុងបរិវេណសាលាខេត្ត ស្ថិតនៅភូមិទី ៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។

គួរកត់សម្គាល់ផងដែរថា ក្រៅពីអគារថ្មីនេះដែរ រដ្ឋបាលខេត្តកំពង់ចាម ក៏មានអគារចាស់ជាច្រើន ហើយបានធ្វើការជួសជុលកែលម្អ ទុកសម្រាប់មន្ត្រីបំរើការងារ ជារៀងរាល់ថ្ងៃ ផងដែរ ៕ សារ៉ាត


អត្ថបទ ៖ អ៊ឹង ទី