ឯកឧត្ដម អ៊ុន ចាន់ដា សម្រេចចេញប័ណ្ណកម្មសិទ្ធជូន ខណៈដែលប្រជាពលរដ្ឋទាំង ២៤គ្រួសារ ស្ម័គ្រចិត្តកាត់ដីរៀងៗខ្លួន ២០% ជូនអាជ្ញាធរ ដើម្បី រក្សាទុកជាទីទួលសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋដទៃទៀតប្រើប្រាស់


: 2020-06-23 14:22:07

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម  សម្រេចចេញប័ណ្ណកម្មសិទ្ធជូន ខណៈដែលប្រជាពលរដ្ឋទាំង ២៤គ្រួសារ ស្ម័គ្រចិត្តកាត់ដីរៀងៗខ្លួន ២០% ជូនអាជ្ញាធរវិញ ដើម្បី ទុកជាទីទួលសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋដទៃទៀត បានប្រើប្រាស់ ក៏ដូចជាស្នាក់អាស្រ័យបណ្ដោះអាសន្ន នៅពេលទឹកជំនន់ ។ គូសបញ្ជាក់ជូនយ៉ាងដូច្នេះ នៅក្នុងឱកាស ដែល ឯកឧត្ដម អមដំណើរដោយ ថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធ និងអជ្ញាធរមូលដ្ឋាន អញ្ជើញដោះស្រាយ បញ្ហាវិវាទដីធ្លី ១កន្លែង ស្ថិតនៅក្នុងភូមិថ្មី និងភូមិតាមាង នៃឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នេះ ។

ឯកឧត្ដម អ៊ុន ចាន់ដា គូសបញ្ជាក់ថា ការមកដោះស្រាយនាពេលនេះ គឺជាការដោះស្រាយបញ្ចប់ទាំងស្រុង ពីព្រោះថា បងប្អូនទាំង ២៤គ្រួសារ បានយល់ព្រមទៅតាម គោលការណ៍របស់អាជ្ញាធរ ក្នុងការបរិច្ចាកដីផ្ទាល់ខ្លួន មកវិញ ២០% ដើម្បី រក្សាដីនេះ ទុកជាទីទួលសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋដទៃទៀត បានមកស្នាក់នៅបណ្ដោះអាសន្ន ខណៈដែល ទឹកជំនន់មកដល់នោះ ។ ឯកឧត្ដម អភិបាលខេត្ត បានសម្ដែងនូវការអបអរសាទរ ចំពោះប្រជាពលរដ្ឋទាំង ២៤គ្រួសារ ដែលបានចូលរួមបរិច្ចាកដី ២០%នេះ ជូនអាជ្ញាធរ ពីព្រោះថាការដោះស្រាយនេះ គឺយុទ្ធសាស្ត្រឈ្នះឈ្នះ ទាំងអស់គ្នា ។ ឯកឧត្ដម អ៊ុន ចាន់ដា លើកឡើងថា ប្រទេសជាតិ មានការអភិវឌ្ឍរីកចំរើនទៅបាន ចាំបាច់ណាស់ ត្រូវមានការចូលរួមចំណែកពីប្រជាពលរដ្ឋគ្រប់ៗរូប ។ ជាក់ស្ដែង ថ្ងៃនេះ ដោយការចូលរួមរបស់ប្អូនទាំង ២៤គ្រួសារ ទើបបញ្ហាប្រឈមយើងបានដោះស្រាយរួចជាស្ថាពរ ។ ដូច្នេះ កិច្ចការបន្ទាប់ ក្រុមការងារជំនាញនឹងរៀបចំក្បាលដីជូនបងប្អូន ទៅតាមនីតិវិធី ដើម្បី ចេញជាប្លង់កម្មសិទ្ធស្របច្បាប់ជូន ។    

 ឯកឧត្ដមអភិបាលខេត្ត បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំង ២៤គ្រួសារ បន្ទប់ពីទទួលបានប័ណ្ណកម្មសិទ្ធកាន់កាប់ដីធ្លីហើយ សូមបងប្អូនកុំយកដីនេះ ទៅដាក់បញ្ចាំ ឬលក់ដូរឲ្យសោះ តែសូមខិតខំប្រើប្រាស់លើការអាស្រ័យផល ឲ្យអស់លទ្ធភាព ដើម្បី ជាប្រយោជន៍ សម្រាប់លើកកម្ពស់ជីវភាពក្នុងគ្រួសារ ពីព្រោះថា ដីដែលផ្ដល់ជូនទាំងអស់នេះ គឺជាអំណោយ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានធ្វើការបរិច្ចាកដីទីទួលសុវត្ថិភាពនេះ ដល់បងប្អូនគ្រប់ៗគ្នា តាមរយៈ  គោលនយោបាយឈ្នះឈ្នះ ។ ក្រៅពីនោះ បងប្អូនត្រូវថែរក្សាកេរ្តិ៍មរតកនេះ បន្តចែកកូនចៅរបស់ខ្លួន ជំនាន់ក្រោយៗ ជាបន្តទៀត ។

តាមការឲ្យដឹងពី លោក ផន ផូ មេឃុំកោះរកា បានប្រាប់ឲ្យដឹងថា ដីទីទួលចំប៉ីនេះ មានទំហំ ប្រមាណជា ៦ហិកតា  និងមានប្រជាពលរដ្ឋ ២៤គ្រួសារ នៅភូមិថ្មី និងភូមិតាមាង នៃឃុំកោះរកា ស្រុកកំពង់សៀម និងនៅភូមិកំពង់រលីង នៃសង្កាត់សំបួរមាស ក្រុងកំពង់ចាម អាស្រ័យផល និងស្នើសុំប័ណ្ណកម្មសិទ្ធ ។ ក្រៅពីនោះ ក៏មានប្រជាពលរដ្ឋ សុំទុកជាទីទួលសុវត្ថិភាព ដើម្បី ពួកគេប្រើប្រាស់ នារដូវទឹកជំនន់ ផងដែរ ។ លោកមេឃុំ បញ្ជាក់ដែរថា កាលពីដើមឡើយ ដីនេះ គឺជាដីទីទួលសុវត្ថិភាព ដែលអាជ្ញាធររក្សាទុកសម្រាប់ឲ្យប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ មកស្នាក់អាស្រ័យបណ្ដោះអាសន្ន និងសង្គ្រោះសត្វពាហនៈ ។ អាជ្ញាធរមិនបានអនុញ្ញាតឲ្យចេញប័ណ្ណកម្មសិទ្ធិ ដល់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់នេះឡើយ ៕ សារ៉ាត

 


អត្ថបទ ៖ អាន ដែត