ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​ នៃគណៈអភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ គម្រោងកែលម្អសួនច្បារមាត់ទន្លេ ក្នុងក្រុង កំពង់ចាម


: 2020-06-27 20:57:24

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម អមដំណើរ ដោយថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យលទ្ធផល នៃគម្រោងកែលម្អសួនច្បារមាត់ទន្លេ ចាប់ពីចំណុច អតីតកំពង់ស្រឡាងចាស់ រហូតដល់ មុខសណ្ឋាគារ មេគង្គ ស្ថិតនៅក្នុងក្រុងកំពង់ចាម ។ 

ផ្អែកតាមកិច្ចសន្យា ស្តីពីការងារកសាង កែលម្អសួនច្បារ មាត់ទន្លេ ក្នុងក្រុងកំពង់ចាម ចុះថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ គិតមកដល់ពេលនេះ ក្រុមជាងបានបញ្ចប់ដំណើរការសាងសង់ សួនច្បារ  តាមជំហាននីមួយៗ ជាស្ថាពរហើយ និងថែមទាំងគោរព បានត្រឹមត្រូវ តាមគំរូប្លង់បច្ចេកទេស និងកិច្ចសន្យា  ដែលជាអាទិ៍មានការងារមួយចំនួន ដូចជា៖ ការងាររៀបចំខឿនច្រាំងទន្លេ ការចាក់ដី និង រៀបចំប្រព័ន្ធលូ ការងាររៀបចំខឿន ផ្លូវ និងចាក់សាប (ក្រាលការ៉ូឡា ជំនួសដោយចាក់សាប ទាំងអស់)  ការងារដាំកូនឈើ ផ្កា ស្មៅ ការងាររៀបចំប្រព័ន្ធស្រោចស្រព ការងាររៀបចំបណ្តាញអគ្គិសនី បង្កោលភ្លើង  និងអំពូលភ្លើង និងការងាររៀបចំ និងបំពាក់ឧបករណ៍ សួនកុមារ ផងដែរ ។

ក្នុងការចុះពិនិត្យគម្រោងនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម ក៏បានធ្វើការផ្តាំផ្ញើដល់ក្រុមហ៊ុន អ្នកទទួលការ ធ្វើយ៉ាងណា ត្រូវអនុវត្តការងារនេះ ឲ្យបានចប់សព្វគ្រប់ តាមកិច្ចសន្យា ដូច ជាការដាំស្មៅលម្អ និងការជួសជុល កែលម្អ នៅកន្លែងដែលរងការខូចខាត មួយចំនួន ផងដែរ  ៕

 


អត្ថបទ ៖ អាន ដែត