ផ្សារចុងសប្តាហ៍ ត្រូវបានអាជ្ញាធរខេត្តកំពង់ចាម រៀបចំឡើង ដើម្បី លើកស្ទួយផលិតផលរបស់កសិករខ្មែរយើង


: 2020-06-28 21:16:20

ដើម្បី លើកស្ទួយ ដល់ផលិតផល របស់ប្រជាកសិករខ្មែរយើង អាជ្ញាធរខេត្តកំពង់ចាម  បានរៀបចំ ផ្សារចុងសប្ដាហ៍ឡើង ក្នុងគោលបំណង ជួយផ្សព្វផ្សាយផលិតផលកសិកម្ម រួមចំណែកលើកកម្ពស់ជីវភាព គ្រួសារប្រជាកសិករ  ក្នុងដំណាក់កាល នៃទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ ផងដែរ ។

លោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ចាម បានឲ្យដឹងថា ផ្សារចុងសប្តាហ៍ ដែលមន្ទីរពាណិជ្ជកម្មខេត្ត បានរៀបចំឡើង មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃសៅរិ៍ ដល់ថ្ងៃអាទិត្យ ទី ២៧-២៨ ខែមិថុនា ឆ្នាំ២០២០ ដែលគម្រោងនេះ គឺជាគម្រោងជម្រុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថា អែម (AIMS) របស់ក្រសួងពាណិជ្ជកម្ម ។ លោកប្រធាន រូបនេះ បានបន្តថា ផ្សារចុងសប្ដាហ៍ គម្រោង អេម ខេត្តកំពង់ចាម បានចាប់ផ្តើមដំណើរការ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ពីម៉ោង ៣  រសៀល រហូតដល់ម៉ោង ៨យប់  ដែលត្រូវធ្វើឡើង ជារៀងរាល់សប្តាហ៍  ដោយដំបូង មានចំនួន ១១តូប និងមានមុខទំនិញប្រមាណជា ៤០ប្រភេទ រួមមាន ៖ បន្លែ ផ្លែឈើ ស៊ុត សាច់មាន់ មាន់អាំង អង្ករ ផលិតផលដំឡូងមី រួមទាំងផលិតផលកែច្នៃ ជាច្រើនមុខទៀត ដែលជាផលិតផលខ្មែរ ក្នុងខេត្តកំពង់ចាម ។ ជាមួយនោះ លោកក៏បានធ្វើការប៉ាន់ប្រមាណ ផងដែរថា ការលក់មុខទំនិញទាំងអស់នេះ គឺអាចលក់ដាច់ ក្នុងរង្វង់ប្រមាណជា ១.៦៩២គ.ក្រ បើធៀបទៅនឹងផលិតផលយកមកតាំងលក់ សរុបប្រមាណ ២.២៥២គ.ក្រ  ហើយក្នុងនោះ ក៏នឹងមានអតិថិជន មកទិញប្រមាណ ៧០០នាក់ ផងដែរ ។

ស្ថិតក្នុងឱកាសដែល ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម បានអញ្ជើញចុះពិនិត្យស្តង់ ដែលបានរៀបចំឡើង នៅផ្នែកមុខមន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ចាម នាល្ងាច ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ បានធ្វើការអំពាវនាវ ទៅដល់បងប្អូនប្រជាពលរដ្ឋ សាធារណៈជនទាំងអស់ ឲ្យចូលរួមគាំទ្រ ដល់គម្រោង ផ្សារចុងសប្ដាហ៍ ដើម្បី លើកស្ទួយកម្រិតជីវភាព ក៏ដូចជា ផលិតផល របស់ប្រជាកសិករខ្មែរយើង ផងដែរ ៕


អត្ថបទ ៖ អាន ដែត