អភិបាលខេត្តកំពង់ចាម នៅតែបន្តការអំពាវនាវ ទៅដល់ប្រជាពលរដ្ឋ ឲ្យប្រុងប្រយ័ត្នជានិច្ច ចំពោះ ជម្ងឺកូវីដ ១៩


: 2020-06-28 21:22:12

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានលើកការអំពាវនាវ ទៅដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត ឲ្យបន្តការប្រុងប្រយ័ត្នជានិច្ច ជាពិសេស ការយកចិត្តទុកដាក់ថែទាំសុខភាព ឲ្យបានខ្ជាប់ខ្ជួន ទៅតាមសារអប់រំនានា របស់ក្រសួងសុខាភិបាល ដើម្បី បង្ការការពារ ការឆ្លង នៃជម្ងឺឆ្លងកូវីដ ១៩ ខណៈដែលបច្ចុប្បន្ននេះ ពិភពលោកមិនទាន់រកឃើញវ៉ាក់សាំងការពារ ហើយជម្ងឺដ៏កាចសាហាវមួយនេះ នៅតែបន្តឆ្លងពីមនុស្សម្នាក់ ទៅម្នាក់ទៀត នៅឡើយនោះ ។ ថ្លែងយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងឱកាស ដែលឯកឧត្ដម រួមជាមួយ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ចាម ដឹកនាំមន្ត្រីរាជការ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងស្ថាប័ន ក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋាន នាំយកទៀនចំណាំព្រះវស្សា និងគ្រឿងបរិក្ខា វេរប្រគេនព្រះសង្ឃ នៅក្នុងវត្តទាំង ៤ ក្នុងក្រុងកំពង់ចាម ដែលពិធីនេះ បានរៀបចំនៅវត្តខេមវន្តបឹងស្នាយ នៅវត្តថ្មី ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ នេះ ។

ឯកឧត្ដមអភិបាល ខេត្តកំពង់ចាម បានថ្លែងថា បច្ចុប្បន្ននេះ នៅក្នុងសកលលោក កំពុងរងផលប៉ះពាល់ ដោយសារជម្ងឺកូវីដ ១៩ ជាពិសេស ជម្ងឺដ៏កាចសាហាវនេះ នៅតែបន្តឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត និងបានរកឃើញ ជារៀងរាល់ថ្ងៃ ហើយមិនទាន់រកឃើញថ្នាំវ៉ាក់សាំងការពារ នៅឡើយទេ។​ ដូច្នេះដើម្បី ជៀសផុតពីជម្ងឺកូវីដ ១៩  យើងទាំងអស់គ្នា ត្រូវតែចូលរួម ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺឆ្លងសាកលនេះ ដោយការបន្តការពារ និងថែរក្សាសុខភាព ជាពិសេស ការអនុវត្តទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ។ ឯកឧត្ដមអភិបាលខេត្ត លើកឡើងថា  រាជរដ្ឋាភិបាលកម្ពុជា បានមានវិធានការ ត្រួតពិនិត្យនៅតាមព្រំដែន ចំពោះ អ្នកដំណើរដែលបានឆ្លងកាត់ តាមរយៈ ការត្រួតពិនិត្យសុខភាព និងការដាក់នៅដោយឡែក ជាពិសេស  ប្រសិនបើរកឃើញអ្នកផ្ទុកជម្ងឺកូវីដ ១៩ ត្រូវបញ្ជូនទៅព្យាបាលភ្លាម ។ ការធ្វើយ៉ាងដូច្នេះ ដើម្បី ការពារកុំឲ្យជម្ងឺកូវីដ ១៩ ក្នុងរលកទី២ កើតមាននៅក្នុងសហគមន៍ ។ ឯកឧត្ដមបានបញ្ជាក់ដែរថា កន្លងមក ក្នុងខេត្តកំពង់ចាមយើង ត្រូវបានរកឃើញអ្នកជំងឺកូវីដ ១៩ ចំនួន ១៦នាក់ តែត្រូវបានព្យាបាលជាសះស្បើយអស់ហើយ ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ នៅក្នុងខេត្តកំពង់ចាម មិនមានអ្នកផ្ទុកជម្ងឺនេះ ទៀតទេ ។ ដូច្នេះ សូមឲ្យប្រជាពលរដ្ឋទាំងអស់ កុំធ្វេសប្រហែស ពោលគឺ ត្រូវតែបន្តការប្រុងប្រយ័ត្នជានិច្ច និងចេះថែរក្សាសុខភាព របស់ខ្លួន ដើម្បី ជៀសផុតពីការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ ក្នុងរលកទី ២ គ្រប់ៗគ្នា ។

សូមបញ្ជាក់ថា ដើម្បី រួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃ ក្នុងឱកាសចូលកាន់ព្រះវស្សា អស់កាលត្រីមាស ឯកឧត្ដមអភិបាលខេត្ត ក៏បាននាំយកទេយ្យទាន និងគ្រឿងបរិក្ខា វេរប្រគេនព្រះសង្ឃទាំង ៤វត្ត ដោយក្នុង ១វត្តៗ មាន ៖ ទៀនព្រះវស្សា ១គូ ទេយ្យវត្ថុ ០១កញ្ចប់ ភ្ជាប់ថវិកា ១០ម៉ឺនរៀល ទឹកក្រូច ០៥កេស តែ ០៥កញ្ចប់ ស្ករស ០៥គ.ក្រ ទឹកដោះគោខាប់ ០១កេស ទឹកសុទ្ធ ០៥កេស អង្ករ ១០០គ.ក្រ ត្រីខកំប៉ុង ០៥យួរ ទឹកស៊ីអ៊ីវ ០៥យួរ មី ០១កេសធំ និងបច្ច័យ ១.២០០.០០០រៀល និងថវិកាឯឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចំនួន ៥០ដុល្លារ ផងដែរ ៕ សារ៉ាត


អត្ថបទ ៖ អាន ដែត