ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញទទួលបដិសណ្ឋារកិច្ច ដំណើរអញ្ជើញបំពេញទស្សនកិច្ច របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ


: 2021-02-13 18:24:43

នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញទទួលបដិសណ្ឋារកិច្ច ដំណើរអញ្ជើញបំពេញទស្សនកិច្ច របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅការដ្ឋានបោសសម្អាតគ្រាប់មិនទាន់ផ្ទុះក្នុងនាវាចម្បាំងលិច ដែលស្ថិតនៅភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ។ ពិធីនេះផងដែរក៏មានការអញ្ជើញចូលរួម ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ឯកឧត្តមតំណាងអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ ប្រតិភូក្រសួងការពារជាតិ ជាច្រើនរូបទៀត។

យោងតាមរបាយការណ៌សង្ខេបរបស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សែម​ សុវណ្ណនី​ អគ្គនាយកមជ្ឈមណ្ឌលជាតិ​ ក្នុងពិធីចុះត្រួតពិនិត្យ​ និងសួរសុខទុក្ខដល់កងកម្លាំងបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក​ បានអោយដឹងថា​ គិតត្រឹម​ថ្ងៃទី១១​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ប្រតិបត្តិការ​រុករក​ទទួល បានលទ្ធផលគួរជាទីមោទនៈ​ ដោយបានរកឃេីញគ្រាប់មិនទាន់ផ្ទុះ​ ទំហំ60-105mm​ ចំនួន​៧២២គ្រាប់​ និងគ្រាប់​ប្រភេទតូច​ (ប្រភេទកាំភ្លេីងដៃ​ និងកាំភ្លើងយន្ត)​ចំនួន​ ៥៤.៩២៥គ្រាប់​ ។ សរុបរួមមាន ​៥៥.៦៩៧គ្រាប់​ ដែលត្រូវបានរុករកឃេីញនៅក្នុងឃ្លុបទី១​ និងនៅ៣ឃ្លុបទៀត​ ដែលត្រូវយកចេញជាបន្តបន្ទាប់។

មានប្រសាសន៍ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា៖ «មន្ត្រីនៅមូលដ្ឋាន ជាពិសេសលោកមេភូមិ លោកមេឃុំ ស្មៀន ប៉ុស្តិ៍ប៉ូលីស ប៉ុន្មានតួអង្គនេះ គឺសំខាន់ណាស់ បើតួអង្គទាំងប៉ុន្មាននេះមិនព្រមធ្វើល្អទេ វាជះឥទ្ធិដល់រាជរដ្ឋាភិបាលមិន គ្រាន់តែធ្វើអត្តសញ្ញាណប័ណ្ណមិនបានផង ទៅជេរដល់សម្តេចនាយក ទៅជេរដល់អ្នកដឹកនាំផ្សេងទៀត ប៉ុន្តែធាតុពិតស្មៀនឃុំសោះដែលធ្វើមិនល្អ មេឃុំមួយសោះដែលធ្វើមិនល្អ ឬក៏ប៉ុស្តិ៍ប៉ូលីសមួយសោះដែលធ្វើមិនល្អ។ សម្តេចក្រឡាហោម ក៏បានអំពាវនាវដល់តួមេភូមិ មេឃុំ ស្មៀន និងមន្ត្រីមូលដ្ឋានទាំងអស់សូមធ្វើកិច្ចការងារទាំងឡាយ ដើម្បីបម្រើដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យអស់ពីសមត្ថភាព និងត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការស្នើសុំ និងទុក្ខកង្វល់នានារបស់ប្រជាពលរដ្ឋជាដើម។

សូមបញ្ជាក់ថា៖ ប្រតិបត្តិការរុករក និងប្រមូលគ្រឿងយុទ្ធភណ្ឌ ក្នុងបាតទន្លេមេគង្គ ក្នុងទំហំ ១៥០០ម៉ែត្រ ស្មើនឹង ១៥០ហិកតា គឺត្រូវបានអនុវត្តឡើងតាំងពីចុងខែតុលា ឆ្នាំ២០២០ នឹងគ្រោងបញ្ចប់នៅអំឡុងខែឧសភា ឱ្យទាន់មុនរដូវវស្សាខាងមុខនេះ៕


អត្ថបទ ៖ អាន ដែត