អភិបាលខេត្តកំពង់ចាម ពិសារអាហារពេលព្រឹក ជាមួយអ្នកបើកបររថយន្តដឹកកម្មករ កម្មការនី រោងចក្រ


: 2018-06-02 17:40:05

ព្រឹកថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០១ ​ខែ មិថុនា​ ឆ្នាំ ២០១៨ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃគណៈអភិបាលខេត្តកំពង់ចាម​ បានជួប​សំណេះ​សំណាល និងពិសារអាហារពេលព្រឹក ជាមួយអ្នកបើកបររថយន្តដឹកកម្មករ កម្មការ​នី ​រោងចក្រ​ ខាលីងតុន​ ស្កាយណាយ​ ប្រាយម៍ស៊ូ រោងចក្រប្រមាណជាង២៤០នាក់​។

ក្នុងបរិយាកាសដ៏រីករាយនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណ​ចំពោះការ​ចូល​រួម​យ៉ាងច្រើនកុះករពីបងប្អូនអ្នកបើកបររថយន្តដឹកកម្មករ និងអរគុណដែរកន្លែងមក បងប្អូន​ទាំងអស់​គ្នាបានយកទុកដាក់ខ្ពស់ ក្នុងការបើកបរដឹកកម្មករទាំងទៅ និងទាំង​ត្រលប់​​ពីធ្វើការ ទៅដល់គេហដ្ឋានដោយសុវត្ថិភាព។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត នៅតែ​លើក​ទឹកចិត្ត និងបន្តអោយអ្នកបើកបររថយន្តដឹកកម្មករទាំងអស់ ត្រូវតែគោរពច្បាប់​ចរាចរណ៍​ជាដាច់ខាត បើកបរដោយប្រុងប្រយ័ត្ន កុំបើកបរក្នុងស្ថានភាពស្រវឹង ជែងក្នុង​ស្ថាន​ភាពគ្រោះថ្នាក់ និងបើកបរមិនប្រកាន់ស្តាំ ព្រោះថាសុខសុវត្ថិភាព និងជីវិតរបស់​កម្មករកម្មការនី ជាច្រើនរយនាក់ផ្ញើរនឹងអ្នកបើកបររថយន្តទាំងអស់នេះ។

លើសពីនេះឯកឧត្តមអភិបាល បានសំណូមពរឱ្យ អ្នកបើកបររថយន្តទាំងអស់ជៀសឱ្យ​ឆ្ងាយ​ពីគ្រឿងញៀនគ្រប់ប្រភេទ ព្រោះការសេពគ្រឿងញៀននាំឱ្យ ប៉ះពាល់ធ្ងន់ធ្ងរ​ដល់​សុខ​ភាព ខាតបង់លុយកាក់ កេរ្តិ៍ឈ្មោះកត្តិយសក្រុមគ្រួសារ ភាពអសន្តិសុខសង្គម និងជា​ពិសេស​​អាចបង្ក ឱ្យមានគ្រោះថ្នាក់ចរាចរណ៍​ជាយថាហេតុពេលបើកបរ​។ ឯកឧត្តមអភិបាលខេត្ត​ក៏បាន សូមឱ្យបងប្អូនអ្នកបើកបររថយន្តដឹកកម្មករទាំងអស់​ រួមគ្នាប្រយុទ្ធប្រឆាំង​នឹងគ្រឿង​ញៀនខុសច្បាប់ឱ្យខានតែបាន ដោយឆ្លើយថាទេចំពោះគ្រឿងញៀន។


អត្ថបទ ៖ Administrator

សារលិខិតរបស់អភិបាល
កាលវិភាគថ្នាក់ដឹកនាំ
ប្រព័ន្ធគ្រប់គ្រងទិន្នន័យរដ្ឋបាល
សំលេងប្រជាពលរដ្ឋ