កំពង់ចាម ៖ នៅព្រឹក ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៤ ឯកឧត្ដម លីម ស៉ីដេនីន រដ្ឋលេខាធិការ ក្រសួង សាធារណការ និង ដឹក ជញ្ជូន ដឹកនាំមន្ត្រីជំនាញ រួមនឹងតំណាងក្រុ មហ៊ុនទទួលម៉ៅការ និងមន្ទីរ សាធារណការខេត្ត បានបន្តធ្វេីការចុះពិនិត្យការងារវឌ្ឍនាភាពស្ថាបនាផ្លូវ-ស្ពាន ផ្លូវជាតិលេខ៧ ទៅជាផ្លូវ៤គន្លងពីស្គន់ ស្រុកជេីងព្រៃ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម លីម ស៉ីដេនីន រដ្ឋលេខាធិការ ក្រសួង សាធារណការ និង ដឹក ជញ្ជូន បានជំរុញឲ្យ ក្រុមហ៊ុន ទទួលម៉ៅការនិងក្រុមជាងធ្វេីយ៉ាងណាបង្កេីនយកចិត្តទុកដាក់លេីផ្នែកគុណភាព និងពិនិត្យឲ្យច្បាស់លេីការងារបច្ចេកទេសបាត់ក្រោមនៃផ្លូវ ក៍ដូចគ្រឹះនៃស្ពានផងដែរ។ ឯកឧត្ដម បញ្ជាក់ ទៀតថា បច្ចុប្បន្ន ក្រុមការងារកំពុងដំណេីរការគម្រោងមួយនេះជារៀងរាល់ថ្ងៃ ដោយពិនិត្យមេីលលេីគុណភាពកិលបង្ហាប់គ្រឹះក្រោមនៃផ្លូវ ហេីយផ្នែកស្ពានវិញក្រុមការងារកំពុងធ្វេីជាហូហែហេីយ ខណៈ ស្ពានមួយចំនួនត្រូវវាយកំទេសចោល និងកសាងឡេីងវិញ ឲ្យត្រូវស្តង់ដាបច្ចេកទេសត្រឹមត្រូវ។
ឯកឧត្ដម លីម ស៉ីដេនីន បានលេីកទឹកចិត្តឲ្យក្រុមការងាររបស់ក្រុមហ៊ុនទទួលម៉ៅការ តាមដានលេីការងារជាប្រចាំ និងត្រូវរាយការណ៍លទ្ធផលការងារស្ថាបនាផ្លូវមួយនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ដេីម្បីឲ្យគុណភាពផ្លូវ និងស្ពានអាចប្រេីប្រាស់បានយូរអង្វែង។
គូសបញ្ជាក់ថា គម្រោងពង្រីកលើកកម្ពស់កម្រិតគុណភាព ផ្លូវជាតិលេខ ៧ ជាបួនគន្លង (ស្គន់-កំពង់ចាម) ចំណុចចាប់ផ្ដើម ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ និងចំណុចបញ្ចប់នៅរង្វង់មូលត្រើយខាងលិចស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលមានប្រវែងសរុប ៤៥,៥០៤ គីឡូម៉ែត្រ៕