កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បាន ដឹកនាំ មន្ត្រី រាជការ កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧១យាងចូល ៧២ព្រះវស្សា ដែលបានធ្វើឡើងនាថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ចាម។
ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ ព្រះវស្សា របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំយើងខ្ញុំព្រះករុណា សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវព្រះសព្ទសាធុការពរ បវរមហាប្រសើរ ថ្វាយព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយ៉ឺនយូរជាងរយព្រះវស្សា ព្រះបញ្ញាញាណវាងវៃ ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ត្រជាក់ត្រជុំ និងសេចក្តីសុខក្សេមក្សាន្តដល់ប្រជានុរាស្រ្តគ្រប់រូបជានិរន្តរ៍តរៀងទៅ។