
កំពង់ចាម៖ ឯកឧត្តម លន់ លឹមថៃ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះស្រុកជើងព្រៃ ទទួលបន្ទុកឃុំសំពងជ័យ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពប្រកាសទទួលស្គាល់ ដល់សមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ដែលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ចំនួន ១៦៨ នាក់ ដែលស្ម័គ្រចិត្តចុះចូលមកពីគណបក្សផ្សេងៗ នៅឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ក្នុងកិច្ចសំណេះសំណាលនេះ ឯកឧត្តម លន់ លឹមថៃ បានសម្ដែងនូវសេចក្ដីសប្បាយរីករាយ ដែលបានមកចូលរួមប្រកាសទទួលស្គាល់ និងបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីចំនួន ១៦៨រូប ដោយមានសមាសភាពជាបងប្អូនប្រជាពលរដ្ឋ មកពីគណបក្សផ្សេងៗ បានមកសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា រួមសុខ រួមទុក្ខជាមួយគ្នា។
លើសពីនេះ ឯកឧត្តម បានសម្ដែងការអបអរសាទរ និងប្រកាសស្វាគមន៍សមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតក្នុងការជ្រើសរើសគណបក្សនយោបាយស្របតាមមាគ៌ាលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស អាស្រ័យរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុវត្តការបោះឆ្នោតយ៉ាងទៀងទាត់ ជាពិសេសជ្រើសរើស និងផ្ញើជោគវាសនាប្រកបដោយភាពជឿជាក់ និងជំហរច្បាស់លាស់ជាមួយគណបក្សប្រជាជនកម្ពុជា ជាការធានាបាននូវការចូលរួមជាមួយកិច្ចការសង្គម នយោបាយ និងសិទ្ធិសម្រេចចិត្តក្នុងនាមម្ចាស់ឆ្នោត។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម លន់ លឹមថៃ ក៏បានពាំនាំផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ក៏ដូចជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ជូនដល់ សមាជិកបក្សទាំងអស់។ ឯកឧត្តមបានគូសបញ្ជាក់ទៀតថា សម្តេចទាំងពីរ គឺជាថ្នាក់ដឹកនាំផ្ទាល់ដែលតែងតែផ្ដល់នូវការគាំទ្រគ្រប់បែបយ៉ាង សម្រាប់សកម្មភាពយុវជន ក្នុងការងារសង្គម និងនយោបាយ សំដៅរួមចំណែកក្នុងការយកចិត្តទុកដាក់ខ្ពស់នូវសុខទុក្ខរបស់យុវជន និងប្រជាពលរដ្ឋគ្រប់រូប។
មុនបញ្ចប់កម្មវិធី ឯកឧត្តម ក៏បានពាំនាំការផ្ដាំផ្ញើការសាកសួរ សុខទុក្ខ របស់ ឯកឧត្តម បណ្ឌិត ម៉ា ឈឿន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម ដែលក្នុងពេលនេះ គឺឯកឧត្តម និង លោកជំទាវ បានឧបត្ថម្ភ អាវ និងមួក របស់គណបក្សប្រជាជនកម្ពុជា ដល់សមាជិកគណបក្ស ចំនួន ១៦៨ នាក់ ដើម្បីមានឯកសណ្ឋានស្អាត និងទុកសម្រាប់ប្រើប្រាស់ការងារគណបក្ស។ជាមួយគ្នានោះដែរ ឯកឧត្តម លន់ លឹមថៃ ក៏បានផ្តល់ជូននូវថវិកាដល់សមាជិកគណបក្សចំនួន១៦៨ នាក់ ក្នុងម្នាក់ៗទទួលបាន ចំនួន មួយម៉ឺនរៀល និងថ្នាំពេទ្យផងដែរ។







