កំពង់ចាម៖ដើម្បីសម្រួលការងារលឿន ឆាប់រហ័ស និងទាន់ពេលវេលា មន្ទីរព័ត៌មានខេត្តកំពង់ចាម បានរៀបចំវគ្គបណ្តុះបណ្តាលសិក្សាខ្លី ស្តីពី«ការសង្ខេបរបាយការណ៍ទៅជាព័ត៌មានខ្លី» ជូនដល់មន្រ្តីកាន់ផេកទាំង៥រូប និងមន្រ្តីចំណុះមន្ទីរ សរុបចំនួន១០រូប ដែលបង្រៀនដោយមន្ត្រីជំនាញព័ត៌មាន នៅសាលប្រជុំមន្ទីរព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម។

លោកស្រី សម ផល្លា បានលើកឡើងថា ការបណ្តុះបណ្តាលរយៈពេលមួយថ្ងៃនេះ មានសារៈសំខាន់ណាស់ សម្រាប់មន្រ្តីរាជការ និងមន្រ្តីកាន់ផេកទាំង៥ ចំណុះឲ្យមន្ទីរ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ សង្ខេបពី របាយការណ៍ ទៅជាព័ត៌មានខ្លី យកមកបង្ហោះលើបណ្តាញសង្គម ឲ្យមន្ទីរជូនសាធារណៈជនឲ្យបានដឹងអំពីព្រឹត្តិការណ៍ និងការអភិវឌ្ឍន៍ផ្សេងៗក្នុងខេត្តកំពង់ចាម។

លោកស្រី បានផ្តាំផ្ងើរដល់មន្រ្តីកាន់ផេក និងមន្រ្តីទាំងអស់ កំពុងសិក្សា សុំយកចិត្តទុកដាក់ ស្តាប់ ការពន្យល់របស់ គ្រូឧទ្ទេស ដោយ ខិតខំ ប្រឹងប្រែង រៀនសូត្រ បើសិន ត្រង់កន្លែងណាមិនយល់ សួរទៅកាន់គ្រូឧទ្ទេស ដើម្បីឲ្យគាត់ពន្យល់បន្ថែម ហើយសុំកុំមានការខ្មាសអៀនក្នុងការសួរសំណួរ ព្រោះការសួរនេះ អាចពង្រឹងសមត្ថភាព ចំណេះដឹង ចំណុចខ្វះខាតរបស់ខ្លួន។

បន្ថែមពីនេះ លោកស្រី ប្រធានមន្ទីរ ក៏បានផ្សព្វផ្សាយ ឲ្យមន្រ្តីបានដឹងអំពីអ្វីដែលហៅព័ត៌មានក្លែងក្លាយ និងអ្វីជាព័ត៌មានពិត ដើម្បីឲ្យបានយល់ដឹង និងជៀសវាងការប្រើប្រាស់បណ្តាញសង្គមមានការភាន់ច្រឡំ។

ដោយ៖ ភ័ណ្ឌ ប៉ាង