កំពង់ចាម​: ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម បានណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះ ពាល់ធ្ងន់ធ្ងរដល់សង្គម​ ដូចជា គ្រឿងញៀន ល្បែងអនឡាញខុសច្បាប់ ចំពោះបញ្ហា ឬបទល្មើស ដែលកើតមាននៅតាមមូលដ្ឋាន រដ្ឋបាលឃុំ សង្កាត់ គឺត្រូវយកចិត្តទុកដាក់ក្តាប់សភាពការណ៍ និងរួសរាន់ដោះស្រាយឱ្យបានឆាប់រហ័ស​។ ការថ្លែងបែបនេះ​ក្នុងឱកាសបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម​ នារសៀលថ្ងៃទី​១៤​ ខែមករា​ ឆ្នាំ​២០២៥​ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន​ បានណែនាំដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តកំពង់ចាម​ ត្រូវខិតខំរួមគ្នាបន្តពង្រឹង និងថែរក្សាការពារនូវសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានរឹងមាំ ជាពិសេសត្រូវរួមគ្នាទប់ស្កាត់ និងតស៊ូប្រឆាំងដាច់ខាត រាល់សកម្មភាពពីខាងក្រៅដែលប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង​ បង្កអស្ថិរភាពក្នុងសង្គម ក្នុងចេតនាបំផ្លាញសន្តិភាព ស្ថិរភាពសង្គម និងបង្អាក់ដំណើរការនៃការរីកចម្រើនលូតលាស់របស់ប្រទេសជាតិយើង​ផងដែរ​ ។

ក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ដោយមានកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងមានសមត្ថកិច្ចខេត្តកំពង់ចាម​ បានចូលរួម ទប់ស្កាត់ និងបង្ក្រាបបទល្មើសទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងនោះ​ បទល្មើសមានការថយចុះរហូតដល់​ ១៣ភាគរយ គួបផ្សំកិច្ចប្រតិបត្តិការ បង្ក្រាបបានកម្រិតខ្ពស់ ៩៧% ធ្វើឱ្យឃុំ-សង្កាត់មានបទល្មើសមានត្រឹម ៣០ឃុំ-សង្កាត់ និងឃុំ-សង្កាត់ដែលពុំមានបទល្មើស មានចំនួនដល់ទៅ ៧៩ឃុំ-សង្កាត់។

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ ក៏បានបញ្ជាក់ថា​ ឆ្លងតាមការពិនិត្យ និងវាយតម្លៃលើ សភាពការណ៍ កិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើស និងលទ្ធផលចាត់តាំងអនុវត្តគោលនយោបាយ «ភូមិ- ឃុំ-សង្កាត់មានសុវត្ថិភាព»របស់ថ្នាក់ជាតិ ខេត្តកំពង់ចាមទទួលបានចំណាត់ថ្នាក់ល្អប្រសើរដូចបណ្ដា ឆ្នាំមុនៗគឺ ឃុំ-សង្កាត់ទទួលបានចំណាត់ថ្នាក់ប្រភេទលេខ១ ទាំង ១០៩ឃុំ-សង្កាត់​ ៕