(កំពង់ចាម) ប្រជាពលរដ្ឋម្នាក់ នៅអាយុ២៨ឆ្នាំ នៅភូមិ២២ ឃីចំការអណ្តូង ស្រុកចំការលើ បានឆ្លងជំងឺផ្ដាសាយបក្សីបណ្ដាលឲ្យស្លាប់ បន្ទាប់ពី កើតជំងឺនេះមួយសប្តាហ៍ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥។
លោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ បានឲ្យដឹងថា ប៉ុន្មានថ្ងៃកន្លងទៅនេះ បុរសម្នាក់ មានអាយុ ២៨ឆ្នាំ រស់ភូមិ២២ ឃុំចំការអណ្តូង នៅស្រុកចំការលើ មានជម្ងឺបន្ទាប់មកគាត់បានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត ។ ក្នុងការសម្រាកព្យាបាលនោះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានធ្វើសំណាក រកឃើញថា បុរសនោះបានឆ្លងជំងឺផ្ដាសាយបក្សី ប៉ុន្តែដោយសារទុកជំងឺនេះមានសភាពធ្ងន់ធ្ងរ ធ្វើឱ្យគ្រូពេទ្យសង្គ្រោះលែងបាន ត្រូវបានបាត់បង់ជីវិត ក្រោយពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យបានមួយសប្តាហ៍ ។
លោកវេជ្ជបណ្ឌិត បានឲ្យដឹងទៀតថា ក្រោយពីករណីខាងលើកើតឡើង នៅព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានណែនាំបញ្ជាឲ្យមន្ទីរអង្គភាព គ្រប់ជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវលើករណីនេះ នឹងធ្វើការអប់រំផ្សព្វផ្សាយ និងមានវិធានការដើម្បីទប់ស្កាត់កុំឲ្យជំងឺនេះ រីករាលដាលនៅក្នុងសហគមន៍បន្តទៀត ។
ពាក់ព័ន្ធករណីខាងលើនេះផងដែរ ក្រសួងសុខាភិបាល នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន សូមក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋយើង ហើយក៏សូមជម្រាបដល់បងប្អូន ប្រសិនបើមានអាការៈក្ដៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង ១៤ថ្ងៃមុនថ្ងៃចាប់ផ្តើមមានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតឱ្យបានឆាប់ទាន់ពេលវេលា ជៀសវាងការពន្យារពេលធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់ដូអ្នកជំងឺដែលបានបាត់បង់ជីវិតខាងលើនោះ ។