ឯកឧត្តម អ៊ុន ចាន់ដា រអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា ករណីសិស្សវិទ្យាល័យល្វា ស្រុកព្រៃឈរ ដែលបានទៅទស្សនកិច្ច នៅឧទ្យានជាតិព្រះកុសុមៈគីរីរម្យ នៃខេត្តកំពង់ស្ពឺ បានជួបគ្រោះថ្នាក់នោះ មិនមានរងរបួសធ្ងន់ធ្ងរឡើយ មកដល់ពេលនេះ អាជ្ញាធរ កំពុងយកចិត្តទុកដាក់ និងគិតគូអំពីសុវត្ថិភាពរបស់ពួកគេ ។ ឯកឧត្ដមបញ្ជាក់ទៀតថា ក្រោយពីជួបបញ្ហាគ្រោះថ្នាក់ភ្លាម ឯកឧត្តម ក៏បានទំនាក់ទំនងទៅអាជ្ញាធរខេត្តកំពង់ស្ពឺ ដើម្បី ជួយអន្តរាគមន៍ សង្គ្រោះពួកគេ ។ ដោយឡែក សិស្សមួយចំនួន ក៏ត្រូវបានអភិបាលខេត្តកំពង់ស្ពឺ រៀបចំអាហារពេលល្ងាចទទួលពួកគេ ។ យ៉ាងណាមិញ ក្រោយពីទទួលទាន ហើយ អាជ្ញាធរខេត្តកំពង់ស្ពឺ និងយករថយន្តផ្សេង ដើម្បី ដឹកជញ្ជូនសិស្សទាំងអស់នោះ មកកាន់ស្រុកព្រៃឈរ ខេត្តកំពង់ចាម វិញ ។ ទន្ទឹមនឹងនោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានរៀបចំឲ្យអាជ្ញាធរ និងលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ដើម្បី ទទួលសិស្សទាំងអស់នោះ នៅមុខវិទ្យាល័យល្វា នាពេលពួកគេ ធ្វើដំណើរមកដល់ ទៀតផង ។
តាមប្រភព ពីស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ឲ្យដឹងថា នារសៀលថៃ្ងទី២៩ ខែធ្នូ ឆ្នាំ២០២៤ នេះ មានករណីរថយន្តក្រុង បានរេចង្កូតធ្លាក់ផ្លូវ រួចទៅអែបមនឹងជ្រោះ មានដើមឈើ ចំណុចលោកយាយបាំងដៃ ហួសចំណុចជ្រោះអូរកសេះ ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំចំបក់ ស្រុកភ្នំស្រួច លើខ្នងភ្នំឧទ្យានជាតិ ព្រះកុសុមៈគីរីរម្យ ។ ជាមួយនោះ សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាល ស្រុកភ្នំស្រួច បានចេញប្រតិបត្ដិការ ជួយអន្ដរាគមន៍ ដើម្បី ជួយសង្រ្គោះមនុស្ស ផងដែរ ។
បើតាម លោកស្រី ឃាន សុភាព នាយិកាវិទ្យាល័យល្វា បានឲ្យដឹងថា ការធ្វើទស្សនកិច្ចសិក្សា នៅឧទ្យានជាតិព្រះកុសុមៈគីរីរម្យ នៃខេត្តកំពង់ស្ពឺ នោះ បានដឹកនាំដោយគ្រូ ០១រូប និងក្រុមគ្រួសារ ចំនួន ០៤រូប ហើយបានធ្វើដំណើរ តាមរយន្តក្រុង ១គ្រឿង មានមនុស្ស សរុប ៦៨នាក់ ក្នុងនោះ សិស្សថ្នាក់ទី ១១,ថ្នាក់ទី ១២ និងនិស្សិតឆ្នាំទី១ ចំនួន ៦៣នាក់ ស្រី ៤០នាក់ ៕