ដោយការយកចិត្តទុកដាក់ ពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយសហការជាមួយ ឯកឧត្ដម ជៀម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ លើករណីសិស្សវិទ្យាល័យល្វា ស្រុកព្រៃឈរ ដែលបានធ្វើដំណើរទៅទស្សនកិច្ចសិក្សា នៅឧទ្យានជាតិព្រះកុសុមៈគីរីរម្យ ហើយបានជួបគ្រោះថ្នាក់ចរាចរនោះ មកដល់ត្រឹមម៉ោង ១១យប់ ថ្ងៃទី២៩ ខែធ្នូ នេះ សិស្សវគ្គទី១ ចំនួន ១៥នាក់ បានធ្វើដំណើរតាមរថយន្ត មកដល់វិទ្យាល័យល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងមកដល់សាលាស្រុកព្រៃឈរ នៅវេលាម៉ោង ១២ និង៤០ ដោយសុវត្ថិភាព។ នេះបើតាម ការបញ្ជាក់ឲ្យដឹង ពីលោក លី ម៉េងសាន ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ខណៈពេលដែល រូបលោក រួមជាមួយនឹង លោក ខេង ម៉េងឈុន អភិបាលស្រុកព្រៃឈរ និងសហការី ជាច្រើននាក់ ត្រូវបានឯកឧត្ដម អភិបាលខេត្តកំពង់ចាម ចាត់ឲ្យចាំទទួលដំណើរវិលត្រឡប់វិញ របស់សិស្សានុសិស្សទាំងអស់នោះ នៅខាងមុខវិទ្យាល័យល្វា ស្រុកព្រៃឈរ ។
លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ឲ្យដឹងដែរថា ពេលនេះ សិស្សវគ្គទី១ ចំនួន ១៥នាក់ បានមកដល់គោលដៅហើយ តែយើងក៏នៅតែបន្តរង់ចាំទទួលដំណើរវិលវិញ របស់សិស្ស ក្នុងវគ្គបន្តបន្ទាប់ទៀត ផងដែរ ។ ដោយឡែក សិស្សមួយចំនួនទៀត ក៏ត្រូវបានឪពុកម្ដាយ របស់ពួកគេ បានទៅទទួលដោយផ្ទាល់ ពីខេត្តកំពង់ស្ពឺ មកកាន់លំនៅដ្ឋាន របស់ពួកគេហើយដែរ ។
សូមជម្រាបថា នារសៀលថៃ្ងទី២៩ ខែធ្នូ ឆ្នាំ២០២៤ នេះ មានករណីរថយន្តក្រុង ១គ្រឿង បានរេចង្កូតធ្លាក់ផ្លូវ រួចទៅអែបនឹងជ្រោះ មានដើមឈើ នៅចំណុច លោកយាយបាំងដៃ ហួសចំណុចជ្រោះអូរកសេះ ស្ថិតនៅក្នុងភូមិសាស្រ្ត លើខ្នងភ្នំឧទ្យានជាតិ ព្រះកុសុមៈគីរីរម្យ នៅក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ជាមួយនោះ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្ដមអភិបាលខេត្តកំពង់ចាម និងឯកឧត្ដមអភិបាលខេត្តកំពង់ស្ពឺ ក៏បានចាត់កម្លាំងសមត្ថកិច្ចជំនាញ ប្រតិបត្ដិការ អន្ដរាគមន៍ ជួយសង្រ្គោះមនុស្ស ទាន់ពេលវេលា និងបានដឹកជញ្ជូនសិស្សទាំងនោះ ធ្វើដំណើរតាមរថយន្តផ្សេង វិលត្រឡប់ មកកាន់វិទ្យាល័យល្វាវិញ ទៅតាមដំណាក់កាល បន្តបន្ទាប់ ផងដែរ ។
បើតាម លោកស្រី ឃាន សុភាព នាយិកាវិទ្យាល័យល្វា បានឲ្យដឹងថា ដំណើរទស្សនកិច្ចសិក្សា នៅឧទ្យានជាតិព្រះកុសុមៈគីរីរម្យ នៃខេត្តកំពង់ស្ពឺ នេះ ដឹកនាំដោយគ្រូ ០១រូប និងក្រុមគ្រួសារ ចំនួន ០៤រូប ហើយបានធ្វើដំណើរ តាមរយន្តក្រុង ១គ្រឿង មានមនុស្ស សរុប ៦៨នាក់ ៕