
ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ចាម ទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីអបអរសាទរបូជនីយដ្ឋានចងចាំនៃកម្ពុជាចូលជាបេតិកភណ្ឌពិភពលោក


កំពង់ចាម៖ នៅវេលាម៉ោង៧ព្រឹក នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២២៥នេះ លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម រួមជាមួយ មន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្ត បានទូងស្គរ ទះប៉ោត និងគោះត្រដោក នៅបរិវេណមន្ទីរព័ត៌មានខេត្តកំពង់ចាម ដើម្បីអបអរសាទរ បូជនីយដ្ឋានចងចាំនៃកម្ពុជា រួមមាន «សារមន្ទីរទួលស្លែង(ស២១) វាលពិឃាតជើងឯក និងអតីតមន្ទីរឃុំឃាំង ម១៣» ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក នាកិច្ចប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីស្នាក់ការអង្គការយូណេស្កូ នាក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ។ បើតាមសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យតាមទីស្តីការក្រសួង ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី-ខេត្ត គ្រប់សាលាក្រុង-ស្រុក ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ គ្រប់វត្តអារាម និងសាលាបុណ្យ ព្រមទាំង គ្រប់ទីប្រជុំសហគមន៍នៅតាមភូមិ ត្រូវរួមគ្នា វាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីអបអរសាទរបូជនីយដ្ឋានចងចាំនៃកម្ពុជាចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ការទូងស្គរ ទះប៉ោតបែបនេះ គឺជាការបំផុសបន្ថែមទៀត នូវការប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងដើម្បីរំលឹក អំពីភាពចាំបាច់នៃការរួបរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស ជាមរតកសម្រាប់ជនជំនាន់ក្រោយ»។ សមិទ្ធផលទាំងនេះ កើតចេញពីការចូលរួម នៃការថែរក្សាប្រវត្តិសាស្ត្រជាតិរបស់ប្រជាជនកម្ពុជា គ្រប់ៗរូប ជាពិសេសកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល តែងតែផ្តល់អាទិភាពខ្ពស់ដល់កិច្ចការអភិរក្ស និងការអភិវឌ្ឍបេតិកភណ្ឌប្រកបដោយចីរភាព រួមទាំងការការពារសច្ចភាព ប្រវត្តិសាស្ត្រជាតិឲ្យគង់វង្សស្ថិតស្ថេរ។ បើតាមការឲ្យពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា បំណង និងមូលដ្ឋាននៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺបង្ហាញពិភពលោក អំពីភាពរឹងមាំនិងប៉ិនប្រសប់របស់ប្រជាជាតិកម្ពុជា ដែលបានប្រែក្លាយ “វាលពិឃាដ” មកជា “ទឹកដីសន្តិភាព” មានតម្លៃដ៏ជ្រាលជ្រៅក្នុងជម្រៅចិត្តរបស់ខ្មែរគ្រប់ៗរូប ហើយក៏ជាស្មារតីចងចាំដ៏ថ្លៃថ្លាបំផុតរបស់ពិភពលោក មិនចំពោះតែប្រជាជន កម្ពុជានោះឡើយ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូល។ ការចុះបញ្ជីនេះ ក៏ជាការគោរពរំឭកដល់ជនរងគ្រោះទាំងឡាយ ពីអតីតកាលដ៏ឈឺផ្សារបស់កម្ពុជា ហើយក៏ជាភស្តុតាងនៃការប្តូរផ្តាច់ការពារដ៏មុតមាំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះអនាគត យុវជនជំនាន់ក្រោយ ដើម្បីធានាជាអមតនូវស្មារតីចងចាំ ការរៀនសូត្រមេរៀនប្រវត្តិសាស្ត្រ និងការថែរក្សាសន្តិភាព ដែលជារតនវត្ថុមិនអាចកាត់ថ្លៃសម្រាប់ប្រជាជាតិនិងប្រជាជនយើង។ ចាប់ពីពេលនេះតទៅ “បូជនីយដ្ឋានចងចាំនៃកម្ពុជា” នឹងក្លាយជាផ្នែកមួយនៃការចងចាំពិភពលោក ហើយក៏ជាទីតាំងដែលមជ្ឈដ្ឋានអន្តរជាតិទូទាំងសកលលោក បានយល់ កាន់តែច្បាស់ពីទុក្ខលំបាករបស់ប្រជាជនកម្ពុជាក្នុងពេលអតីតកាល ព្រមទាំងភាពរឹងមាំរបស់ប្រជាជនកម្ពុជាក្នុងការកសាង សន្តិភាពនិងការអភិវឌ្ឍ ក្រោមពាក្យស្លោក “អរគុណសន្តិភាព” ។ដោយ៖ ភ័ណ្ឌ ប៉ាង



