តបតាម អនុសាសន៍ណែនាំនិងបទបញ្ជារ របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម ក្នុងការថែរក្សា សន្តិសុខនិងសុវត្តិភាពជូនប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាមបានឲ្យដឹងថា នាយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ កម្លាំងអន្តរាគមន៍ខេត្ត , កម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលក្រុង-ស្រុក និងកម្លាំងតាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាលដូចជា ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង ៤ ក្នុងក្រុងកំពង់ចាម ប៉ុស្តិ៍នគរបាលរដ្ឋបាលតាមបណ្ដាឃុំក្នុងស្រុកចំការលើ ស្រុកកោះសូទិន ស្រុកព្រៃឈរ ស្រុកស្ទឹងត្រង់ ស្រុកជើងព្រៃ ស្រុកស្រីសន្ធរ ស្រុកកងមាស និង ស្រុកកំពង់សៀម បានចុះធ្វើរដ្ឋបាលចំហ ល្បាត ត្រួតពិនិត្យ តាមដងផ្លូវ ពីសកម្មភាពបង្កដោយក្មេងទំនើង, ក្មេងដែលមានរូបសាក់លើដងខ្លួន បទល្មើសផ្សេងៗ ឆែកឆេរអាវុធជាតិផ្ទុះ និងល្បាតចល័តត្រួតពិនិត្យគោលដៅងាយរងគ្រោះនៅក្នុងភូមិសាស្រ្ត តាមបណ្ដាឃុំ សង្កាត់និង ក្រុង ស្រុកទាំងអស់ ។ ជាលទ្ធផល ពុំមានសកម្មភាពអ្វី គួរឲ្យកត់សម្គាល់នោះទេ ។
សូមបញ្ជាក់ថា កម្លាំងចេញល្បាតរបស់ អង្គភាពស្នងការដ្ឋាននគរបាលខេត្ត អធិការដ្ឋាននគរបាលស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលនគរបាល ឃុំ សង្កាត់ បានចុះអនុវត្តជាបន្តបន្ទាប់ រហូតមក គឺដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេស ទប់ស្កាត់បញ្ហាបទល្មើសផ្សេងៗក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ។