អភិបាលខេត្តកំពង់ចាម ណែនាំឲ្យសមត្ថកិច្ចជំនាញ ចុះអប់រំដល់សមាជិកគ្រួសារ ដែលជាប់ពាក់ព័ន្ធបញ្ហាបទល្មើសគ្រឿងញៀន
(កំពង់ចាម) អភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានណែនាំដល់សមត្ថកិច្ចនគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត សូមឱ្យចូលរួមបន្ត បង្ក្រាបបទល្មើសនេះនឹងចុះណែនាំអប់រំដល់សមាជិកគ្រួសារ ដែលត្រូវបានឃាត់ខ្លួនក្នុងបទល្មើសគ្រឿងញៀនកន្លងមក។
ការណែនាំនេះធ្វើឡើងនៅព្រឹកថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៨ អាណត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងខែធ្នូ កន្លងទៅ បញ្ហាបទល្មើសគ្រឿងញៀនឃើញថាសមត្ថកិច្ចបង្ក្រាបបាន ២៥ករណី ឃាត់ខ្លួនជនល្មើសចំនួន ៦០ នាក់ បញ្ជូនទៅសាលាដំបូងចាត់ការទៅតាមនីតិវិធី ។
ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត សំណូមពរឲ្យសមត្ថកិច្ចជំនាញបន្តចុះអប់រំដល់សមាជិកគ្រួសារ ឲ្យពួកគាត់យល់ដឹងអំពីការគ្រោះថ្នាក់ដល់សុខភាពដោយសារការប្រើប្រាស់គ្រឿងញៀន ។ដោយសារកន្លងទៅយើងសង្កេតឃើញថាករណីប្រើប្រាស់មានច្រើន ដែលអាចបណ្ដាលមកពីពួកគាត់ សេពគប់មិត្តភក្កិមិនល្អ គេចសាលារៀន ទៅសេពគ្រឿងញៀន ទៅបង្កបញ្ហា រហូតដល់ទទួលទោសទណ្ឌបែបនេះ ។