(កំពង់ចាម) ក្រុមការងារជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាមនៅថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ ២០២៥ នេះ បានចុះបំពេញភារកិច្ចថែទាំផ្លូវជាប្រចាំ នៅក្នុងភូមិសាស្ត្រស្រុកកងមាស និងស្រុកកំពង់សៀម ។

បើតាមមន្ត្រីមន្ទីរសាធារណការ បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម មន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានចុះបំពេញការងារថែទាំផ្លូវ ក្នុងភូមិសាស្ត្រស្រុកកងមាស និងស្រុកកំពង់សៀម ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ។

មន្ត្រីដដែលបានបញ្ជាក់ថា ការងារថែទាំប្រចាំ ក្រុមការងារបានធ្វើការតម្រង់ចិញ្ចើម លើផ្លូវខេត្តលេខ ២៧០ ចន្លោះ គ.ម ២៨+០០០ ដល់គ.ម២៩+២.០០០ ស្ថិតក្នុងឃុំអង្គរបាន ស្រុកកងមាស។ ជាមួយគ្នានោះដែរ ការងារថែទាំ មន្ត្រីយើង បានកាយពង្រីកតួផ្លូវ និងចាក់ដី(ស) លើផ្លូវខេត្តលេខ ២៧៩ ចន្លោះ គ.ម១៥+៦១៣ ដល់គ.ម១៨+៣២១ ស្ថិតក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀមផងដែរ ៕