កំពង់ចាម៖ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍ នៃគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងជាឲ្យ តំណាង ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម អញ្ជើញ ដឹកនាំ សហការី នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ ចុះសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ខ្នងផ្ទះគ្រួសារប្រជាពលរដ្ឋ ទីទល់ក្រ ដែលពិការភាព និងមានជីវភាពខ្វះខាត ចំនួន ១៤គ្រួសារ ក្នុងសង្តាត់សំបួរមាស ក្រុងកំពង់ចាម។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ប៉ាង ដានី លើកឡើងថា ការចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមនេះ មិនមែនជាលើកទី១នោះទេ គឺចែកជូនដល់គ្រួសារដែលខ្វះស្បៀង ក្នុងនោះមាន ស្ត្រីមេម៉ាយ ស្ត្រីផ្ទុកមេរោគអេដស៍ ចាស់ជរា ជនរងគ្រោះដោយធម្មជាតិ និងប្រជាពលរដ្ឋទីទ័លក្រ កំពុងជួបការលំបាក ដោយមិនសំដៅទៅលើប្រជាពលរដ្ឋទូទៅឡើយ។ ថ្វីត្បិតតែនេះជាអំណោយបន្តិចបន្តួច តែបានជួយរំលែកទុក្ខលំបាករបស់បងប្អូនបានមួយចំណែកផងដែរ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ត្រូវស្លាប់ដោយសារគ្មានស្បៀងអាហារនោះទេ។
លោកជំទាវបន្ថែមទៀតថា នេះគឺជាអំណោយរបស់កាកបាទក្រហមកម្ពុជាសាខាខេតត្តកំពង់ចាម ដែលបានពីការចូលរួមឧបត្ថម្ភគាំទ្រ របស់ សប្បុរសជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ «ទីណាមានទុក្ខលំបាក ទីនោះតែងតែមានកាកបាទក្រហម” ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានការបាទក្រហមកម្ពុជា បូករួមជាមួយនឹងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយនឹងសប្បុរជន ជាបុគ្គល ជាអង្គភាព ក្រុមហ៊ុន និងជាអង្គការសង្គមស៊ីវិល ។
ទន្ទឹមពេលជាមួយគ្នានោះដែរ លោកជំទាវ ក៏បាននាំមកនូវការផ្ដាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម ដែលជានិច្ចជាកាលឯកឧត្តម តែងតែគិតគូរ អំពីសុខទុក្ខរបស់ បងប្អូន ប្រជាពលរដ្ឋ នៅគ្រប់ទីន្លែង ដោយមិនមានការប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ។
អំណោយមនុស្សធម៌ដែល បានផ្ដល់ជូនប្រជាពលរដ្ឋទីទល់ក្រ និងជួបការខ្វះខាតមានចំនួន ១៤គ្រួសារ ដោយ មួយគ្រួសារ ទទួលបាន៖អង្ករ ២៥ គីឡូក្រាម, មី ១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ ១យួរ,ត្រីខ ១យួរ, ឃីត ១។
ដោយ៖ ភ័ណ្ឌ ប៉ាង