គ្រូបង្គោលខេត្ត ចំនួន ៦ ទទួលបានការបណ្តុះបណ្តាល ស្តីពី ការអនុវត្តកម្មវិធីអាហារូបករណ៍សិស្សក្រីក្រ នៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ នៃកម្មវិធីជាតិ ជំនួយសង្គមក្នុងកញ្ចប់គ្រួសារ
២៧ ខែ កញ្ញា ២០២៤
មូលនិធិជាតិជំនួយសង្គម សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី ការអនុវត្តកម្មវិធីអាហារូបករណ៍សិស្សក្រីក្រ នៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ នៃកម្មវិធីជាតិ ជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងឯកឧត្តម ញ៉ែម សារី អភិបាលរង នៃគណៈអភិបាល ខេត្តស្វាយរៀង ។ វគ្គនេះ មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរអប់រំ យុវជន និងកីឡា សាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពត និងមានសមាសភាពគ្រូបង្គោលមកពីមន្ទីរ និងការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក នៃខេត្តទាំង៦ រួមមាន ៖ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី ព្រៃវែង និងស្វាយរៀង សរុប ចំនួន ៦០រូប ។
លោកស្រី ទុំ ស៊ីសុភារី ប្រធានសាខាមូលនិធិជាតិជំនួយសង្គម ខេត្តកំពង់ចាម បានគូសបញ្ជាក់ថា នៅខេត្តកំពង់ចាម មានគ្រួសារមានបណ្ណសមធម៌ បានចុះឈ្មោះទទួលការឧបត្ថម្ភគោលគ្រួសារ ពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ បានចំនួន ៣៥.៩៨៦គ្រួសារ និងបានទទួលការឧបត្ថម្ភ ពីរាជរដ្ឋាភិបាល ជាបន្តបន្ទាប់ ។
លោកជំទាវ ប៉ាង ដានី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា រដ្ឋបាលខេត្តកំពង់ចាម បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញទាំងការអនុវត្ត ការផ្សព្វផ្សាយ សំដៅធានាប្រសិទ្ធភាព តម្លាភាព និងប្រក្រតីភាព នៃកម្មវិធី ពិសេស គឺរួមចំណែកសម្រេចបាននូវឆន្ទៈ គោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ នេះ។
ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានលើកឡើងថា ដើម្បី អនុវត្តស្របតាមអនុក្រឹត្យលេខ ៣៧២អនក្រ.បក មូលនិធិជាតិជំនួយសង្គម មានផែនការច្បាស់លាស់ ក្នុងការអនុវត្តកម្មវិធីអាហារូបករណ៍ សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ នៃកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ នៅដើមឆ្នាំ២០២៥ នេះ ដោយត្រូវធ្វើការបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់រាជធានី ខេត្តទាំង២៥ ឱ្យបានរួចរាល់ ត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ និងបែងចែកជា ៤តំបន់ ។ សម្រាប់ ខេត្តកំពង់ចាម គឺជាតំបន់ចុងក្រោយ ក្នុងការបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ ។ ជាមួយនោះ ឯកឧត្តម បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផល នៃការអនុវត្ត របស់ក្រសួងអប់រំ យុវជន និងកីឡា តាំងពីឆ្នាំ២០១៤ រហូតមកទល់បច្ចុប្បន្ន ដែលពិតជាបានរួមចំណែកបង្កើនវត្តមានសិក្សា កាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្ស បង្កើនអត្រាបញ្ចប់ការសិក្សា នៅកម្រិតអប់រំមូលដ្ឋាន ហើយបទពិសោធន៍ដ៏ល្អនេះ មូលនិធិជាតិជំនួយសង្គមត្រូវស្វែងយល់រៀនសូត្រ ដើម្បី បង្កើនទន់បន្ថែម សម្រាប់ការអនុវត្តនាពេលខាងមុខនេះ ។
ឯកឧត្តម ក៏បានផ្ដាំផ្ញើ ដល់លោក លោកស្រី ដែលពុំទាន់មានបទពិសោធន៍ ក្នុងការបណ្តុះបណ្តាល សូមផ្តោតការយកចិត្តទុកដាក់ឱ្យបានខ្ពស់ ព្រោះថា នេះជាបទពិសោធន៍ថ្មី សម្រាប់ក្លាយជាគ្រូបណ្តុះបណ្តាលបន្ត នៅតាមខេត្តគោលដៅនីមួយៗ ៕