(កំពង់ចាម)៖ មន្ទីរព័ត៌មានខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ជា ក្រូច អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងទទួលបន្ទុកសម្របសម្រួលការងារ មន្ទីរព័ត៌មានខេត្តកំពង់ចាម ។

លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មាន បានឲ្យដឹងថា រយះពេលមួយឆ្នាំ២០២៤នេះ មន្ទីរបានឆ្លងកាត់នូវការលំបាកជាច្រើន ហើយក៏ទទួលបានជោគជ័យជាច្រើនផងដែរ ក្នុងការអនុវត្តការងារ ដែលថ្នាក់ដឹកនាំប្រគល់ជូន។

លោកស្រីប្រធានបន្តថា ទាំងអស់នេះគឺដោយសារមានកិច្ចសហការសាមគ្គីគ្នាបានយ៉ាងល្អនៅក្នុងការិយាល័យនីមួយៗចំណុះឲ្យមន្ទីរព័ត៌មាន ។ ក្នុងនោះផងដែរ ក្រុមការងារគ្រប់គ្រង តាមដានព័ត៌មាន និងសាធារណៈមតិរបស់មន្ទីរព័ត៌មានកំពង់ចាម ក៏ដើរតួរយ៉ាងសំខាន់ផងដែរ ដោយបានបំពេញភារកិច្ចជាច្រើនដោយមិនគិតពីពេលវេលាសម្រាកនោះទេ គឺត្រូវធ្វើការឆ្លើយតបភ្លាមៗ ទៅកាន់សាធារណៈជូន នូវព័ត៌មានដែលពិត មានប្រភពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយផងដែរ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ជា ក្រូច ក៏បានថ្លែងការកោតសរសើរចំពោះមន្ទីរព័ត៌មានខេត្តកំពង់ចាម ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារផ្សព្វផ្សាយ ទាំងថ្នាក់ខេត្ត និងថ្នាក់ជាតិ ជាពិសេសបានបំពេញតួនាទីបានយ៉ាងល្អក្នុងនាម ជាសេនាធិការអោយក្រសួងព័ត៌មាន និងជាសេនាធិការអោយគណៈបញ្ជាការខេត្ត ដែលជាផ្នែកមួយ នៃការក្តាប់ព័ត៌មានឲ្យខេត្តរបស់ខ្លួន។

ឯកឧត្តម អនុរដ្ឋលេខាធិការ បន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍ជាច្រើនដល់ក្រសួងព័ត៌មាន និងអ្នកសារព័ត៌មាន ក្នុងគោលបំណងដើម្បីលើកកម្ពស់ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ជាពិសេសយុទ្ធនាការរៀបចំសណ្តាប់ធ្នាប់សារព័ត៌មាន របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន» ៕