(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ បានបើកប្រតិបត្តិការបង្កើតបទល្មើសគ្រឿងញៀនមួយករណី និងឃាត់ខ្លួនជនសង្ស័យ ៣នាក់ នៅចំណុចភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

បើតាមមន្ត្រីអាវុធហត្ថខេត្តឱ្យដឹងថា មុនឈានទៅដល់ការបង្ក្រាបបទល្មើសនេះ នៅវេលាម៉ោង ២០.៥០នាទីថ្ងៃដដែល កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងកំពង់ចាម ចំនួន១០នាក់ រថយន្ត ០១គ្រឿង ម៉ូតូចំនួន ០៣គ្រឿង ដឹកនាំដោយ វរសេនីយ៍ទោ ឆាយ រ៉ង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ចាម និង ដោយមានការសម្របសម្រួលនីតិវិធីពីលោក តារា វិទូ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នៅសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់÷
១.ឈ្មោះ សុខ គឹមឡុង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
២.ឈ្មោះ ខួយ សុធារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
៣.ឈ្មោះ កត់ សុភ័ត្រ្តា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

មន្ត្រីដដែលបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះដែរសមត្ថកិច្ច ដកហូតបានម្សៅក្រាមសថ្លាចំនួន០១ កញ្ចប់ ទូរសព្ទដៃចំនួន ០៣គ្រឿង បន្ទាប់មកកម្លាំងជំនាញយើងបានចុះទៅឆែកឆេរបន្ទប់ជួលរបស់ជនសង្ស័យ ឈ្មោះ សុខ គឹមឡុង ស្ថិតនៅភូមិទី៦ក សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដកហូតបានសម្ភារះប្រើប្រាស់គ្រឿងញៀន មួយចំនួន និងទូរស័ព្ទដៃ០១គ្រឿង ។

ដោយបានការឯកភាពពីលោក តារា វិទូ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅវេលាម៉ោង ៩:០៥ នាទី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញយើងបាននាំជនសង្ស័យ ឈ្មោះ សុខ គឹមឡុង ទៅឆែកឆេរនៅចំណុចបឹងកំប្លោកដែលខ្លួនសង្ងំលាក់ខ្លួនគេចពីសមត្ថកិច្ច ស្ថិតនៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ឆែកឆេរដកហូតបាន ម្សៅក្រាមពណ៍សថ្លា ចំនួន ០៤កញ្ចប់ ប្រាក់ញុះញង់ចំនួន ០៨ម៉ឺនរៀល ទូរស័ព្ទដៃចំនួន ០១គ្រឿង ដែលខ្លួនបានបោះចោលក្នុង បឹងកំប្លោក ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងរួមមាន ម្សៅក្រាម ពណ៍ថ្លា ចំនួន ០៥ កញ្ចប់ ទម្ងន់ ២.៧៧ ក្រាម (ថ្លឹងទាំងសំបកថង់) . ទូរស័ព្ទដៃ០៥ គ្រឿង (ម៉ាកoppo ៣គ្រឿង,relate១គ្រឿង. iPhone ១គ្រឿង សម្ភារ:ប្រើប្រាស់គ្រឿងញៀនមួយចំនួន បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីចាត់ការតាមនីតិវិធី។